រិវេកសូត្រទី ១

ក្បាលទី 20 · ទំព័រ 352

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ភិក្ខុមួយរូបនៅក្នុង ដងព្រៃមួយ ក្នុងដែនកោសល ។ ក៏ក្នុងសម័យនោះ ភិក្ខុនោះទៅកាន់ទី សម្រាកក្នុងវេលាថ្ងៃ ហើយត្រិះរិះនូវអកុសលវិតក្កទាំងឡាយដ៏លាមក ដែល អាស្រ័យនឹងបញ្ចកាមគុណ ។ ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃ នោះ ជាអ្នកមានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ប្រាថ្នា ដើម្បីធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយគាថាទាំងឡាយថា លោកប្រាថ្នាសេចក្តីស្ងាត់ បានជាចូលមកកាន់ព្រៃ តែចិត្តរបស់ លោកនៅតែត្រាច់ទៅក្នុងអារម្មណ៍ខាងក្រៅ លោកចូរជាជន នាំចេញនូវឆន្ទរាគៈក្នុង ជន ( ដទៃ ) តអំពីនោះ លោកនឹងបាន សេចក្តីសុខ ប្រាសចាករាគៈមិនខាន លោកចូរលះបង់សេចក្តី មិនត្រេកអរចេញ លោកចូរជាអ្នកមានស្មារតី ខ្ញុំសូមរំពឫកលោក ដែលជាអ្នកមានស្មារតី ព្រោះថា ធូលី គឺកិលេស ដែលបណ្ឌិត ហៅថា បាតាល ( នេះ ) លំបាកនឹងឆ្លងណាស់ ធូលី គឺកាម កុំនាំលោកទៅឡើយ ដូចសត្វស្លាបដែលប្រឡាក់ខ្លួនដោយអាចម៍ ដី ប្រឹងទទះជម្រុះធូលី ដែលប្រឡាក់ខ្លួនឲ្យធ្លាក់ចេញ ( យ៉ាងណា ) ភិក្ខុអ្នកមានព្យាយាម មានស្មារតី តែងធ្វើធូលី គឺ កិលេសដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងនោះឯង ។ ក្នុងកាលនោះ ភិក្ខុនោះ ក៏បានដល់នូវសេចក្តីសង្វេគ ដោយសារ ទេវតានោះធ្វើឲ្យសង្វេគ ។