ឧបដ្ឋានសូត្រទី ២
សម័យមួយ មានភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ នាដែន កោសល ។ ក៏ក្នុងកាលនោះ ភិក្ខុនោះចូលទៅកាន់ទីសម្រាកក្នុងវេលាថ្ងៃ ហើយដេកលក់ ។ គ្រានោះ ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នក មានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យ សង្វេគ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុ នោះ ដោយគាថាទាំងឡាយថា បពិត្រភិក្ខុ លោកចូរក្រោកឡើង លោកសិងធ្វើអ្វី លោកមាន ប្រយោជន៍អ្វីដោយការសិង ព្រោះការលក់របស់លោក ដែល មានកិលេសក្តៅរោលរាល មុតដោយសរ គឺ តណ្ហា មាន សេចក្តីលំបាក លោកចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស ក្នុងពុទ្ធសាសនា ដោយសទ្ធាណា លោកចូរចម្រើននូវសទ្ធា នោះចុះ ចូរកុំលុះក្នុងអំណាចនៃការលក់នេះឡើយ ។ ភិក្ខុនោះតបថា បុគ្គលមានប្រាជ្ញាទន់ ជ្រប់ចុះក្នុង កាមទាំងឡាយណា កាមទាំងឡាយនោះ មិនទៀង មិន ឋិតថេរឡើយ ( ការដេកលក់ក្នុងវេលាថ្ងៃ ) ដូចម្តេចនឹង ដុតកម្តៅអ្នកបួស ដែលផុតចាកចំណងទាំងឡាយ មិនអាស្រ័យតណ្ហា និងទិដ្ឋិបាន ( ការដេកលក់ក្នុងវេលាថ្ងៃ ) ដូចម្តេច នឹងដុតកម្តៅអ្នកបួស ដែលប្រកបដោយប្រាជ្ញាដ៏បរិសុទ្ធ ក្រៃលែងនោះបាន ព្រោះលោកនាំបង់នូវឆន្ទរាគៈ ទាំងប្រព្រឹត្តកន្លងផុតអវិជ្ជាហើយ ( ការដេកលក់ក្នុងវេលាថ្ងៃ ) ដូចម្តេច នឹងដុតកម្តៅអ្នកបួស ដែលមិនមានសេចក្តីសោក មិន មានសេចក្តីចង្ហៀតចង្អល់បាន ព្រោះលោកទម្លាយអវិជ្ជា ដោយវិជ្ជាហើយ ទាំងអាសវៈក៏អស់ ហើយ ( ការដេកលក់ ក្នុងវេលាថ្ងៃ ) ដូចម្តេចនឹងដុតកម្តៅអ្នកបួស ដែលប្រារព្ធ ព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទាំងមានសេចក្តី ប្រឹងប្រែង ដ៏មាំអស់កាលជានិច្ច ដែលជាអ្នកប្រាថ្នានូវព្រះ និព្វាន ។