អានន្ទសូត្រទី ៥

ក្បាលទី 20 · ទំព័រ 368

សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ ច្រើននិយាយ ពន្យល់ពួកគ្រហស្ថហួសវេលា ។ គ្រានោះឯង ទេវតាដែលអាស្រ័យនៅ ក្នុងដងព្រៃនោះ មាន សេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ព្រះអានន្ទមានអាយុ ប្រាថ្នានឹងធ្វើ ព្រះអានន្ទមានអាយុឲ្យសង្វេគ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ ហើយ ទើបពោលគាថា នឹងព្រះអានន្ទមានអាយុថា បពិត្រលោកជាសាវ័ក របស់ព្រះគោតម ចូរលោកចូលទៅកាន់ ម្លប់ឈើ និងព្រៃស្បាត ដាក់ព្រះនិព្វានក្នុងហ្ឫទ័យ ហើយចម្រើនឈានចុះ កុំមានសេចក្តីប្រមាទឡើយ ពាក្យ ប៉ប៉ាច់ប៉ពូ ( ជាមួយនឹងគ្រហស្ថ ) នឹងធ្វើអ្វីដល់លោកបាន ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ក៏បានដល់នូវសេចក្តីសង្វេគដោយសារ ទេវតានោះ ធ្វើឲ្យសង្វេគ ។