អដ្ឋកថា កុលឃរណីសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងកុលឃរណីសូត្រទី ៨ ដូចតទៅនេះ បទថា អជ្ឈោគាឡប្បត្តោ ប្រែថា ដល់នូវសេចក្តីច្រឡូកច្រឡំ ។ បានឮថា ភិក្ខុនោះរៀនកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្តាហើយចូល ទៅកាន់ដងព្រៃ ចូលទៅ បិណ្ឌបាត ចូលកាន់ស្រុកក្នុងថ្ងៃទី ២ ។ ដោយមារយាទ ដែលគួរឲ្យ ជ្រះថ្លាក្រៃលែង ។ ត្រកូលខ្លះជ្រះថ្លាក្នុងឥរិយាបថរបស់លោក ថ្វាយបង្គំ ដោយបញ្ចង្គប្រតិស្ឋាន ហើយប្រគេនបិណ្ឌបាត ។ ជនទាំងនោះ បានស្តាប់ ភត្តានុមោទនាហើយ ក៏ជ្រះថ្លាខ្លាំងឡើង និមន្តថា បពិត្រលោកម្ចាស់ដ៏ចម្រើន និមន្តទទួលភិក្ខាក្នុងទីនេះ អស់កាលជានិច្ចចុះ ។ ព្រះថេរៈនោះ ទទួលហើយ កាលបរិភោគអាហាររបស់ជនទាំងនោះ ក៏ប្រារព្ធសេចក្តីព្យាយាម ព្យាយាម រហូតដល់សម្រេចអរហត្ត ហើយគិតថា ត្រកូលនេះ មានឧបការៈដល់អញ ច្រើន អញទៅក្នុងទីដទៃធ្វើអ្វី ដូច្នេះ ទើបសោយសេចក្តីសុខនៃផល សមាបត្តិនៅក្នុងទីនោះ ។ បទថា អជ្ឈភាសិ សេចក្តីថា បានឮថា ទេវធីតានោះ មិន ដឹងថា ព្រះថេរៈជាព្រះខីណាស្រព ទើបគិតថា ព្រះថេរៈនេះ មិនទៅស្រុក ដទៃ មិនទៅផ្ទះដទៃ មិនអង្គុយក្នុងទីដទៃ មានគល់ឈើ និងរោងឆាន់ជាដើម ចូលទៅអង្គុយកាន់ផ្ទះអស់កាលជានិច្ច ភិក្ខុទាំង ២ នេះ ដល់នូវសេចក្តី ច្រឡូកច្រឡំ ពេលខ្លះ ភិក្ខុនេះ នឹងគប្បីប្រទូស្តត្រកូលនេះ អញនឹង ដាស់តឿនភិក្ខុនោះ ដូច្នេះ ព្រោះហេតុនោះ ទើបពោល ។ បទថា សណ្ឋានេ សេចក្តីថា ក្នុងទីសម្រាប់សម្រាកជិតទ្វារនគរ ដែល មនុស្សទុកដាក់ភណ្ឌៈ ។ បទថា សង្គម្ម ប្រែថា មកប្រជុំគ្នា ។ បទថា មន្តេន្តិ ប្រែថា និយាយគ្នា ។ បទថា មញ្ច តញ្ច ប្រែថា និយាយចំពោះខ្ញុំ ផង និយាយចំពោះលោកផង ។ បទថា កិមន្តរំ ប្រែថា តើព្រោះហេតុអ្វី ។