សជ្ឈាយសូត្រទី ១០

ក្បាលទី 20 · ទំព័រ 384

សម័យមួយ ភិក្ខុមួយរូបនៅក្នុងដងព្រៃមួយ ក្នុងដែន កោសល ។ ក៏សម័យនោះ កាលមុន ភិក្ខុនោះជាអ្នកស្វាធ្យាយ ច្រើនហួស ពេលវេលា ។ ដល់សម័យក្រោយមក ភិក្ខុនោះ ក៏មានសេចក្តីខ្វល់ខ្វាយតិច ជាអ្នកនៅស្ងៀម ញ៉ាំងកាលឲ្យប្រព្រឹត្តកន្លងទៅ ( ដោយផលសមាបត្តិសុខ ) ។ គ្រានោះឯង ទេវតាដែលអាស្រ័យនៅ នាដងព្រៃនោះ មិន បានស្តាប់ធម៌របស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើប ពោលគាថានឹងភិក្ខុនោះថា បពិត្រភិក្ខុ ព្រោះហេតុអ្វី បានជាលោកនៅរួបរួមជាមួយនឹង ពួកភិក្ខុ ហើយលែងស្វាធ្យាយនូវធម្មបទ បុគ្គលអ្នកស្តាប់ ធម៌ រមែងបាននូវសេចក្តីជ្រះថ្លា ឯអ្នកដែលសម្តែងធម៌ រមែង បាននូវសេចក្តីសរសើរ ក្នុងបច្ចុប្បន្ន ។ ( ភិក្ខុនោះតបថា ) ពីមុន មានសេចក្តីពេញចិត្តក្នុង ធម្មបទ ពិតមែន តែឥឡូវនេះ យើងបានដល់វិរាគធម៌ហើយ កាលណាបើយើងបានដល់វិរាគធម៌ហើយ សប្បុរសទាំងឡាយបានដឹងហើយ ក៏សរសើរនូវការលះបង់អារម្មណ៍ណាមួយ គឺរូបដែលឃើញហើយ ឬសំឡេងដែលឮហើយ ក្លិន រស ផោដ្ឋព្វៈដែលពាល់ត្រូវហើយ ។