អដ្ឋកថា អយោនិសោមនសិការសូត្រទី ១១

ក្បាលទី 20 · ទំព័រ 388

អយោនិសោមនសិការសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងអយោនិសោមនសិការសូត្រទី ១១ ដូចតទៅនេះ បទថា អកុសលេ វិតក្កេ គឺនូវមហាវិតក្កៈ ៣ មានកាម វិតក្កជាដើម ។ បទថា អយោនិសោមនសិការា ប្រែថា ព្រោះមិនធ្វើ ទុកក្នុងចិត្ត ដោយឧបាយ ។ បទថា សោ ប្រែថា លោកនោះ ។ បទថា អយោនិសោ បដិនិស្សជ្ជ គឺលោកចូរវៀរចាកការមិនធ្វើទុកក្នុងចិត្តដោយ ឧបាយនោះ ។ បទថា សត្ថារំ បានដល់ ពោលកម្មដ្ឋានដែលគួរជ្រះថ្លា ដោយ គាថានេះ ។ បទថា បីតិសុខមសំសយំ បានដល់ នឹងដល់នូវបីតិ ដែល មានកម្លាំង និងសេចក្តីសុខដោយមិនមានសង្ស័យ ។