បាកតិន្ទ្រិយសូត្រទី ១៣

ក្បាលទី 20 · ទំព័រ 391

សម័យមួយ ភិក្ខុច្រើនរូបមានចិត្តរវើរវាយ មានមានះដូចជា បបុសដុះឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយ រាយ មានស្មារតីភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មានចិត្តតាំងនៅមិននឹង មាន ចិត្តវិលទៅរកខុស តែមានឥន្ទ្រិយជាប្រក្រតី អាស្រ័យនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល ។ គ្រានោះឯង ទេវតាដែលឋិតនៅ នាដងព្រៃនោះ ជាអ្នក អនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុទាំងនោះ ចង់ធ្វើពួកភិក្ខុនោះឲ្យសង្វេគ ទើបចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថាទាំងឡាយ នឹងពួកភិក្ខុនោះថា ពួកភិក្ខុជាសាវ័ករបស់ព្រះគោតម កាលពីមុនរស់នៅដោយ ស្រួល មិនប្រាថ្នាក្នុងការស្វែងរកនូវចង្ហាន់បិណ្ឌបាត មិនប្រាថ្នា នូវទីដេក ទីអង្គុយឡើយ ភិក្ខុទាំងនោះ លុះដឹងនូវអនិច្ចតាធម៌ ក្នុងលោកហើយ ក៏ធ្វើនូវទីបំផុតទុក្ខបាន ឯពួកភិក្ខុ ( ក្នុង ឥឡូវនេះ ) ធ្វើខ្លួនឲ្យគេចិញ្ចឹមបានដោយលំបាក ជ្រុលជ្រប់ ក្នុងផ្ទះនៃបុគ្គលដទៃ ស៊ីដេកៗ ដូចជាមនុស្សអ្នកធំក្នុងស្រុក ខ្ញុំសូមធ្វើអញ្ជលីចំពោះសង្ឃ ខ្ញុំនិយាយចំពោះតែភិក្ខុមួយពួក ក្នុងទីនេះ ពួកភិក្ខុណា ជាអ្នកប្រមាទ ពួកភិក្ខុនោះ គេ បោះបង់ចោល ឥតមានទីពឹង ដូចជាពួកប្រេត ខ្ញុំពោល សំដៅតែពួកភិក្ខុនោះ ពួកភិក្ខុណាជាអ្នកមិនប្រមាទ ខ្ញុំសូម នមសក្ការ ចំពោះពួកភិក្ខុនោះ ។ គ្រានោះឯង ពួកភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ ដល់នូវសេចក្តីសង្វេគ ។