បទុមបុប្ផសូត្រទី ១៤

ក្បាលទី 20 · ទំព័រ 394

សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែន កោសល ។ ក៏សម័យនោះឯង ភិក្ខុនោះត្រឡប់មកពីបិណ្ឌបាត ( ធ្វើភត្តកិច្ច ស្រេច ) ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់ស្រះបោក្ខរណី ហើយហិតផ្កាឈូក។ គ្រានោះឯង ទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃនោះ ជា អ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ទើប ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថា នឹងភិក្ខុនោះថា លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបានឲ្យ បពិត្រលោកអ្នកនិរទុក្ខ ការហិតនោះ ជាអង្គមួយនៃការលួច លោកឈ្មោះថា ជាអ្នកលួចក្លិន ។ ភិក្ខុនោះតបថា អាត្មាមិនបាននាំទៅ មិនបានកាច់ ទេ គ្រាន់តែហិតផ្កាដែលកើតក្នុងទឹក អំពីចម្ងាយទេតើ ចុះ ហេតុដូចម្តេច បានជាអ្នកនិយាយថា អាត្មាលួចក្លិន ចុះបុរស ដែលមានអំពើផ្តេសផ្តាស ជីក គាស់ក្រអៅឈូក កាច់ផ្កា ឈូកយ៉ាងនេះ ហេតុអ្វី ក៏អ្នកមិនថាឲ្យបុរសនោះផង ។ ទេវតាតបថា បុរសដែលល្មោភផ្តេសផ្តាស ជា អ្នកប្រឡាក់ ( ដោយរាគាទិក្កិលេស ) ហួសកំណត់ ពាក្យ របស់ខ្ញុំមិនមានក្នុងបុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោក ម្នាក់ហ្នឹង ( ព្រោះ ) សត្វដែលឥតមានទីទួល ពោល គឺ កិលេស ជាអ្នកស្វែងរកសេចក្តីស្អាត អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ។ ភិក្ខុនោះតបថា ម្នាលទេវតា អ្នកស្គាល់អាត្មា មែន អ្នកអនុគ្រោះអាត្មាមែន ម្នាលទេវតា កាលណាបើ អ្នកឃើញអាត្មាធ្វើដូច្នេះ អ្នកគប្បីនិយាយឲ្យអាត្មាទៀតចុះ ។