អដ្ឋកថា បទុមបុប្ផសូត្រទី ១៤

ក្បាលទី 20 · ទំព័រ 396

គប្បីជ្រាបវិនិច្ឆ័យក្នុងបទុមបុប្ផសូត្រទី ១៤ ដូចតទៅនេះ បទថា អជ្ឈភាសិ សេចក្តីថា ទេវតានោះ ឃើញភិក្ខុនោះ ចាប់ទងផ្កាឈូក បង្អោនមក ( ហិត ) ទើបគិតថា ភិក្ខុនេះ រៀនកម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តា ហើយ ចូលទៅកាន់ព្រៃ ដើម្បីបំពេញសមណធម៌ នឹងពិចារណា យកក្លិនជាអារម្មណ៍ ភិក្ខុនោះ ថ្ងៃនេះ ហិតក្លិនហើយ សូម្បីក្នុងថ្ងៃស្អែកឡើង សូម្បីក្នុងថ្ងៃខានស្អែកឡើង ក៏នៅតែហិតក្លិន តណ្ហាក្នុងក្លិននោះ របស់ភិក្ខុនោះ ចម្រើនឡើងហើយ នឹងញ៉ាំងប្រយោជន៍ក្នុងជាតិនេះ និងក្នុងជាតិខាងមុខឲ្យ វិនាស កាលអញឃើញ ភិក្ខុនេះកុំវិនាសឡើយ អញនឹងដាស់តឿន លោក ដូច្នេះហើយ ទើបចូលទៅនិយាយ ។ បទថា ឯកង្គមេតំ ថេយ្យានំ សេចក្តីថា នេះជាអង្គមួយ គឺជាចំណែក មួយនៃចំណែក ៥ មានរូបារម្មណ៍ជាដើម ដែលគប្បីលួចយក ។ បទថា ន ហរាមិ ប្រែថា មិនបាននាំទៅ ។ បទថា អារា គឺភិក្ខុពោលថា យើងចាប់ទងក្នុងទីឆ្ងាយបង្អោនមក ឈរហិតនៅក្នុងទីឆ្ងាយ ។ បទថា វណ្ណេន ប្រែថា ព្រោះហេតុ ។ បទថា យ្វាយំ កាត់បទជា យោ អយំ ( ប្រែថា នេះ ) ។ បានឮថា កាលភិក្ខុនោះ កំពុងនិយាយជាមួយនឹង ទេវតា តាបសម្នាក់ក៏ចុះទៅ ដកយកក្រអៅឈូកជាដើម ។ លោកពោល សំដៅយកសេចក្តីនោះ ។ បទថា អាកិណ្ណកម្មន្តោ គឺមានការងារមិន បរិសុទ្ធយ៉ាងនេះ ។ បាលីថា អខីណកម្មន្តោ ក៏មាន សេចក្តីថា មានការងារ គ្រោតគ្រាត ។ បទថា ន វុច្ចតិ សេចក្តីថា ព្រោះហេតុអ្វី ទើបមិនពោលថា លួចក្លិន ឬថា លួចផ្កា ។