ឥន្ទកសូត្រទី ១

ក្បាលទី 20 · ទំព័រ 399

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅ របស់យក្សឈ្មោះឥន្ទកៈ នាភ្នំឥន្ទកូដ ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះឯង ឥន្ទកយក្ស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលគាថា នឹងព្រះមានព្រះភាគថា ព្រះពុទ្ធទាំងឡាយ មិនពោលនូវរូបថាជីវិតទេ ចុះសត្វនេះបាន សរីរៈនេះដោយហេតុដូចម្តេច ឆ្អឹង និងដុំសាច់ ថ្លើម របស់ សត្វនោះ បានមកពីណា ចុះសត្វនេះឋិតនៅក្នុងគភ៌ដូចម្តេច ។ ព្រះអង្គត្រាស់ថា កលលរូបកើតជាដំបូង តពី កលលរូបមក កើតជាអម្ពុទរូប តពីអម្ពុទរូបមក កើតជា បេសិរូប តពីបេសិរូបមក កើតជាឃនរូប តពីឃនរូបមក កើតជាសាខារូប តមកទៀត ទើបកើតសក់ រោម ក្រចក ឯមាតារបស់សត្វនោះ បរិភោគភោជនណា ទោះបាយក្តី ទឹកក្តី សត្វនោះ ដែលឋិតនៅក្នុងផ្ទៃនៃមាតានោះ ក៏ញ៉ាំង អត្តភាពឲ្យប្រព្រឹត្តទៅ ដោយភោជននោះ ។