សូចិលោមសូត្រទី ៣
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើគ្រែឈ្មោះ ដង្កិតៈ ជាលំនៅនៃយក្សឈ្មោះសូចិលោមៈ ជិតស្រុកគយា ។ ក៏សម័យនោះ ឯង យក្សឈ្មោះខរៈ និងយក្សឈ្មោះសូចិលោមៈ ដើរក្នុងទីមិនឆ្ងាយ អំពី ព្រះមានព្រះភាគ ។ ទើបខរយក្សនិយាយនឹងសូចិលោមយក្សយ៉ាងនេះថា នុ៎ះជា សមណៈធំ ។ សូចិលោមយក្សតបវិញថា នុ៎ះមិនមែនជាសមណៈធំទេ នុ៎ះជា សមណៈតូចទេតើ ខ្ញុំស្គាល់ជាប្រាកដថា នុ៎ះជាសមណៈធំ ឬសមណៈតូច ។ គ្រានោះឯង សូចិលោមយក្ស បានចូលទៅរកព្រះមាន ព្រះភាគ លុះចូលដល់ហើយ ទើបបង្អោនកាយទៅរកព្រះមានព្រះភាគ ។ លំដាប់នោះ ព្រះមានព្រះភាគ ងាកព្រះកាយចេញ ។ គ្រានោះឯង សូចិលោមយក្ស បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ លោកខ្លាចខ្ញុំឬ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ តថាគតមិនខ្លាចអ្នកឯង ទេ តែសម្ផស្សរបស់អ្នកឯង អាក្រក់ណាស់ ។ បពិត្រសមណៈ ខ្ញុំនឹង សួរប្រស្នាចំពោះលោក បពិត្រសមណៈ បើលោកមិនដោះស្រាយប្រាប់ខ្ញុំទេ ខ្ញុំនឹងបន្សាត់ចិត្តលោក គឺធ្វើចិត្តឲ្យខូច ឬវះហបឫទ័យរបស់លោក ពុំនោះ សោតទេ ខ្ញុំនឹងចាប់ជើងលោក បោះទៅត្រើយម្ខាងទន្លេគង្គា ។ ព្រះអង្គ ត្រាស់ថា ម្នាលអាវុសោ បុគ្គលណា បន្សាត់បង់នូវចិត្តរបស់តថាគតបាន ឬវះហបឫទ័យរបស់តថាគត ពុំនោះសោត ចាប់ជើងតថាគតគ្រវែងទៅត្រើយ ទន្លេគង្គាខាងនាយបាន បុគ្គលនោះ តថាគត មិនដែលឃើញមានទេ ក្នុង លោក ព្រមទាំងវេទលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង សមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ម្នាល អាវុសោ មួយទៀត បើអ្នកឯងចង់សួរ ក៏សួរចុះ ។