អដ្ឋកថា សូចិលោមសូត្រទី ៣

ក្បាលទី 20 · ទំព័រ 408

គប្បីជ្រាបវិនិច្ឆ័យក្នុងសូចិលោមសូត្រទី ៣ ដូចតទៅនេះ បទថា គយាយំ គឺក្នុងស្រុកគយា ។ អធិប្បាយថា ចូលទៅអាស្រ័យ ស្រុកដែលតាំងនៅមិនឆ្ងាយអំពីគយា ។ បទថា ដង្កិតមព្ចោ សេចក្តីថា គ្រែជើងវែង គឺគ្រែដែលគេចោះត្រង់កណ្តាល សកដោយមេគ្រែ ។ គ្រែនោះ មិនមានពាក្យថា នេះខាងលើ នេះខាងក្រោម ។ គ្រែនោះ នឹងផ្លាស់ប្តូរ ទៅជាដូច្នោះ ក៏បានតាមសេចក្តីត្រូវការ ។ គេរមែងតម្កល់គ្រែនោះ ទុកក្នុង ទេវស្ថាន រោង ផ្ទះដែលគេក្រាលលើផ្ទាំងថ្មទុកលើផ្ទាំងថ្ម ៤ ដុំ គេហៅថា គ្រែតម្រួតតាំង ។ បទថា សូចិលោមស្ស គឺមានរោមដូចម្ជុល ។ បានឮថា យក្សនោះ បួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមកស្សប មក អំពីចម្ងាយ មានញើសហូរសើមខ្លួន មិនក្រាលគ្រែរបស់សង្ឃ ដែលគេ តាក់តែងទុកល្អហើយ ដេកដោយសេចក្តីមិនអើពើ ។ ភិក្ខុអ្នកមានសីល បរិសុទ្ធនោះ មានការធ្វើនោះ ដូចពណ៌ខ្មៅមាននៅត្រង់សំពត់ស ។ លោក មិនអាចញ៉ាំងគុណវិសេស ឲ្យកើតឡើងក្នុងអត្តភាពនោះបាន ធ្វើកាលកិរិយា ហើយ កើតជាយក្សក្នុងទីដែលគេចាក់សំរាម ជិតទ្វារស្រុកគយា ។ កាល យក្សនោះកើតមកហើយ ក៏មានរោមរឹងពេញសរីរៈដូចរោមគោ ។ ថ្ងៃមួយ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលលោកក្នុងវេលាទៀបភ្លឺ ទ្រង់ឃើញយក្ស នោះ មកកាន់គន្លងនៃអាវជ្ជនចិត្តដួងទី ១ ទើបទ្រង់ព្រះតម្រិះថា យក្សនេះ សោយទុក្ខធំអស់មួយពុទ្ធន្តរ សួស្តីនឹងគប្បីមានដល់យក្សនេះ ព្រោះអាស្រ័យ តថាគតឬទេហ្ន៎ ទ្រង់ឃើញឧបនិស្ស័យនៃមគ្គខាងដើម ។