មណិភទ្ទសូត្រទី ៤

ក្បាលទី 20 · ទំព័រ 414

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅរបស់ យក្សឈ្មោះមណិភទ្ទៈ ទៀបចេតិយឈ្មោះមណិមាឡកៈ ក្នុងដែនមគធៈ ។ គ្រានោះឯង មណិភទ្ទយក្ស បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលគាថានេះ ក្នុងសម្នាក់ព្រះមានព្រះភាគថា សេចក្តីចម្រើន របស់បុគ្គលអ្នកមានស្មារតី រមែងមានគ្រប់ កាល អ្នកមានស្មារតី រមែងដល់នូវសេចក្តីសុខ គុណដ៏ ប្រសើររបស់បុគ្គលអ្នកមានស្មារតី រមែងមានជានិច្ច អ្នក មានស្មារតី រមែងរួចចាកពៀរ ។ ព្រះអង្គត្រាស់ថា សេចក្តីចម្រើន របស់បុគ្គលអ្នក មានស្មារតី រមែងមានសព្វកាល អ្នកមានស្មារតី តែងដល់ នូវសេចក្តីសុខ គុណដ៏ប្រសើរ របស់បុគ្គលអ្នកមានស្មារតី រមែងមានជានិច្ច តែអ្នកមានស្មារតី មិនរួចចាកពៀរទេ ។ លុះ តែបុគ្គលណា មានចិត្តត្រេកអរ ក្នុងការមិនបៀតបៀន អស់ ថ្ងៃ និងយប់ទាំងអស់ មានចំណែកមេត្តាចិត្តចំពោះពួកសត្វ ទាំងពួង បុគ្គលនោះ ទើបមិនមានពៀរ ដោយហេតុនីមួយ ឡើយ ។