សុទត្តសូត្រទី ៨
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសីតវ័ន ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង អនាថបិណ្ឌិកគហបតី បានទៅដល់ ក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ ។ អនាថបិណ្ឌិកគហបតី បានឮដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ក៏មានប្រាថ្នាដើម្បីចូលទៅជួបនឹងព្រះមាន ព្រះភាគ ក្នុងខណៈនោះឯង ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី មាន សេចក្តីត្រិះរិះយ៉ាងនេះថា ថ្ងៃនេះ ជាកាលមិនគួរ ដើម្បីចូលទៅជួបព្រះមាន ព្រះភាគទេ ចាំដល់ថ្ងៃស្អែក អាត្មាអញនឹងចូលទៅជួបព្រះមានព្រះភាគ ដោយ កាលគួរពុំខាន ។ កាលបើសតិតាំងនៅក្នុងពុទ្ធគុណហើយ គាត់ដេកក្នុងមួយ រាត្រី ក្រោកឡើង ៣ ដង ដោយស្មានថា ភ្លឺហើយ ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ក៏ចូលទៅរកសីវថិកទ្វារ ( ទ្វារស្មសាន ) ។ ពួកអមនុស្សក ៏បើកទ្វារឲ្យ ។ គ្រានោះ កាលអនាថបិណ្ឌិកគហបតី កំពុងចេញទៅអំពី នគរ ពន្លឺក៏បាត់ទៅ ងងឹតក៏កើតប្រាកដឡើង សេចក្តីភ័យតក់ស្លុត និងការព្រឺ រោមក៏កើតឡើង ។ គាត់ចង់ត្រឡប់មកអំពីទីនោះវិញ ។ គ្រានោះឯង យក្សឈ្មោះសិវកៈ បំបាំងខ្លួនមិនឲ្យឃើញ ធ្វើសំឡេងឲ្យឮឡើងថា ដំរី ១ សែន សេះ ១ សែន រថទឹមដោយមេសេះអស្សតរ ១ សែន នាងកញ្ញា ពាក់កុណ្ឌល ជាវិការនៃកែវមុណី ១ សែននាក់ ក៏មិនដល់ថ្លៃមួយចំណិតនៃ ជំហានមួយ ដែលគេចែកឲ្យជាចំណែកដប់ប្រាំមួយៗ ដងឡើយ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នកឈានទៅមុខចុះ ការឈានទៅ មុខរបស់អ្នកប្រសើរជាង ឯការត្រឡប់ថយក្រោយវិញ មិនប្រសើរទេ ។ គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិកគហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ ។