បឋមសុក្កាសូត្រតី៩

ក្បាលទី 20 · ទំព័រ 444

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ក៏សម័យនោះឯង ភិក្ខុនីឈ្មោះ សុក្កា មានបរិសទ្យច្រើនចោមរោម កំពុងសម្តែងធម៌ ។ គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះសុក្កា ភិក្ខុនីក៏ចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថាទាំងនេះ ក្នុងវេលានោះថា ពួកមនុស្សក្នុងក្រុងរាជគ្រឹះ ធ្វើអ្វីដល់អញ ពួកជនណា មិនចូលទៅ ជិតសុក្កាភិក្ខុនី ដែលកំពុងសម្តែងនូវឧបាយ ជាគ្រឿងដល់ព្រះនិព្វាន ឈ្មោះអមតៈ ( ជនទាំងនោះ ) ដូចជាបុគ្គលផឹកទឹកឃ្មុំហើយដេក ពួកបុគ្គលមានប្រាជ្ញា ហាក់ដូចជា ក្រេបផឹកនូវអមតនិព្វាននោះ ដែលជាធម៌មិនគួរ បោះបង់ចោល មានឱជារសមិនបានលាយឡំ ដូចជាអ្នកដំណើរ ផឹកទឹក ដែលហូរធ្លាក់មកពីចន្លោះពពក ។