ទុតិយសុក្កាសូត្រទី ១០

ក្បាលទី 20 · ទំព័រ 447

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ក៏សម័យនោះឯង មានឧបាសក ម្នាក់ ប្រគេនភោជនដល់សុក្កាភិក្ខុនី ។ គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះសុក្កាភិក្ខុនី ក៏ដើរចេញពីច្រកមួយចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែង មួយ ចូលទៅកាន់ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថា នេះ ក្នុងវេលានោះថា ឧបាសកណា បានប្រគេនភោជន ដល់សុក្កាភិក្ខុនី ដែលមាន ចិត្តផុតស្រឡះចាកគន្ថធម៌ទាំងអស់ ឧបាសកនេះ ឈ្មោះថា អ្នកប្រកបដោយប្រាជាពិត ហើយបានប្រទះនូវបុណ្យច្រើន ។