អាឡវកសូត្រទី ១២

ក្បាលទី 20 · ទំព័រ 450

ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងលំនៅរបស់យក្សឈ្មោះអាឡវកៈ ក្នុងដែនអាឡវី ។ គ្រានោះ ឯង អាឡវកយក្ស ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគយ៉ាងនេះថា បពិត្រសមណៈ ចូរលោកចេញ ទៅ ។ ព្រះមានព្រះភាគទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ ស្តេចចេញទៅ ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកមកវិញ ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ ស្តេចចូលមកវិញ ។ អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ យ៉ាង នេះអស់វារៈ ២ ដងថា ម្នាលសមណៈ ចូរលោកចេញទៅ ។ ព្រះមានព្រះភាគ ក៏ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចេញទៅ ។ អាឡវកយក្សពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចូលមកវិញ ។ អាឡវកយក្សបានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះ ជាគម្រប់ ៣ ដងថា ម្នាល សមណៈចូរលោកចេញទៅវិញ ។ ព្រះមានព្រះភាគទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចេញទៅ ។ អាឡវកយក្សពោលថា ម្នាល សមណៈចូរលោកចូលមកវិញ ។ ព្រះមានព្រះភាគទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ទ្រង់ចូលមកវិញ ។ អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគអស់វារៈ ៤ ដងទៀតថា ម្នាលសមណៈ ចូរលោកចេញទៅវិញ ។ ព្រះអង្គទ្រង់ត្រាស់ ថា ម្នាលអាវុសោ តថាគតនឹងមិនចេញទៅទេ កិច្ចណាអ្នកឯងត្រូវធ្វើ ចូរ អ្នកឯងធ្វើកិច្ចនោះចុះ ។ ម្នាលសមណៈ ខ្ញុំនឹងសួរប្រស្នាចំពោះលោក បើ លោកមិនដោះប្រស្នាខ្ញុំទេ ខ្ញុំនឹងបន្សាត់ចិត្តលោក ឬវះហបឫទ័យរបស់លោក ពុំនោះសោត ខ្ញុំនឹងចាប់ជើងលោកបោះទៅ ក្នុងត្រើយខាងនាយនៃទន្លេគង្គា ។