អត្ថរបស់សច្ចសព្ទ
ក្នុងបទថា សច្ចំ រមែងប្រាកដ ក្នុងអត្ថច្រើន ពោល គឺប្រាកដក្នុងវាចាសច្ចៈ ដូចក្នុងប្រយោគជាដើមថា សច្ចំ ភណេន កុជ្ឈេយ្យ បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ ដូច្នេះ ។ ប្រាកដក្នុងវិរតិសច្ច ដូចក្នុងប្រយោគជាដើមថា សច្ចេ ឋិតា សមណព្រហ្មណា ច សមណៈ និងព្រាហ្មណ៍ដែលតាំងនៅក្នុងសច្ចៈ ដូច្នេះ ។ ប្រាកដក្នុងទិដ្ឋិសច្ច ដូចក្នុងប្រយោគជាដើមថា កស្មា នុ សច្ចានិ វទន្តិ នានា បវាទិយាសេ កុសលាវិទានា ព្រោះហេតុអ្វីហ្ន៎បានជាសមណព្រាហ្មណ៍ទាំងឡាយដែល ពោលលើកខ្លួនថាជាអ្នកឈ្លាសវៃ ជាអ្នកពោលតាមបំណងរបស់ខ្លួន តែង ពោលសច្ចៈផ្សេងៗ គ្នា … ដូច្នេះ ។ ប្រាកដក្នុងព្រាហ្មណសច្ច ដូចក្នុងប្រយោគ ជាដើមថា ចត្តារិ មានិ ភិភ្ខវេ ព្រាហ្មណ សច្ច ម្នាលបរិព្វាជកទាំងឡាយ សច្ចៈរបស់ពួកព្រាហ្មណ៍នេះមាន ៤ … ដូច្នេះ ។ ប្រាកដក្នុងបរមត្ថសច្ច ដូច ក្នុងប្រយោគជាដើមថា ឯកំ ហិ សច្ចំ ន ទុតិយ មត្ថិ សច្ចៈមានតែ ១ មិនមានទី ២ … ដូច្នេះ ។ ប្រាកដក្នុងអរិយសច្ច ដូចក្នុងប្រយោគជាដើមថា ចតុន្នំ សច្ចានំ កុសលា សច្ចៈ ៤ មានកុសលបុន្មាន ដូច្នេះ ។ តែក្នុងទីនេះ លោកប្រាថ្នាយកវាចាសច្ច ធ្វើបរមត្តសច្ចឲ្យជានិព្វាន និងធ្វើវីរតិសច្ចឲ្យជាខាងក្នុង ។ សមណព្រាហ្មណ៍ រមែងញ៉ាំងទឹកជាដើម ឲ្យប្រព្រឹត្តទៅក្នុងអំណាចដោយអានុភាពនៃសច្ចៈណា រមែងឆ្លងត្រើយនៃជាតិ ជរា និងមរណៈបាន ។ ដូចសច្ចៈ ( នោះ ) ដែលព្រះមានព្រះភាគត្រាស់ថា បុគ្គលរារាំងទឹកដោយពាក្យសច្ចៈ បណ្ឌិតរមែងកម្ចាត់បង់ពិស បានដោយសច្ចៈ ភ្លៀងធ្លាក់ចុះ ដោយសច្ចៈ សមណព្រាហ្មណ៍ ដែលតាំងនៅក្នុងសច្ចៈ រមែងបាននូវសេចក្តីស្ងប់ រសឯណា