សុវីរសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាល ភិក្ខុទាំងឡាយ ។ ពួកភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានពួកអសុរច្បាំងតគ្នានឹងពួកទេវតា ។ ម្នាល ភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅទេវបុត្ត ឈ្មោះសុវីរៈមកថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នា នឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរន៎ុះ ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជារបស់សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ថា ព្រះករុណាថ្លៃពិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរឲ្យដល់នូវសេចក្តី ប្រមាទ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅ សុវីរទេវបុត្ត មកអស់វារៈ ២ ដងទៀតថា ម្នាលបាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវិរៈ ចូរអ្នកទៅតតាំងនឹងពួកអសុរចុះ ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួលទេវបញ្ជារបស់សក្កទេវរាជ ជាធំជាង ពួកទេវតាថា ព្រះករុណាថ្លៃពិសេស យាងនេះហើយ ក៏ធ្វើពួកអសុរឲ្យដល់ នូវសេចក្តីប្រមាទ អស់វារៈ ២ ដង ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅសុវីរទេវបុត្តមកអស់វារៈ ៣ ដងទៀតថា ម្នាល បាសុវីរៈ ពួកអសុរទាំងនោះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នក ទៅតតាំងនឹងពួកអសុរចុះ ។