អដ្ឋកថា សុវីរសូត្រទី ១
ក្នុងសុវីរសូត្រទី ១ នៃសក្កសំយុត្ត គប្បីជ្រាបវិនិច្ឆ័យ ដូចតទៅនេះ បទថា អភិយំសុ គឺច្បាំងតគ្នា ។ សួរថា ច្បាំងក្នុងកាលណា ។ ក្នុងសូត្រនេះ មានអនុបុព្វីកថា ដូច្នេះថា បានឮថា សក្កទេវរាជជា មាណព ឈ្មោះមឃៈ ក្នុងអចលគ្រាម ក្នុងដែនមគធៈ នាំបុរស ៣០ នាក់ ធ្វើកល្យាណកម្ម បំពេញវត្តបទ ៧ ធ្វើកាលកិរិយាក្នុងទីនោះ ហើយទៅកើត ក្នុងទេវលោក ។ ទេវតាដែលជាម្ចាស់ទីកន្លែង ឃើញមាណពនោះ ព្រមទាំង បរិស័ទ ប្រកបដោយឋានៈ ១០ ដោយអានុភាពនៃកម្មដ៏មានកម្លាំង គិតថា ទេវបុត្រជាអាគន្តុកៈមកហើយ ទើបត្រៀមទឹកគន្ធបានដើម្បីផឹក ។ សក្កទេវរាជបានឲ្យពាក្យដាស់តឿន ដល់បរិស័ទជាបរិវាររបស់ខ្លួនថា នែអ្នកនិទុ៌ក្ខ កុំ ផឹកទឹកគន្ធបាន ចូរសម្តែងត្រឹមតែអាការផឹកបុណ្ណោះ ។ ពួកទេវតានុ៎ះបានធ្វើ យ៉ាងនោះ ។ ទេវតាដែលជាម្ចាស់ទីកន្លែងផឹកទឹកគន្ធបានដែលគេនាំចូលទៅឲ្យ ដោយពែងមាស តាមត្រូវការ ស្រវឹងដួលដេកនៅលើផែនដីមាសនោះៗ ។ សក្កទេវរាជពោលថា ចូរចាប់ព្រមទាំងម៉ែ ទាំងកូនទៅ ដូច្នេះហើយ ចាប់ត្រង់ ជើងបោះទៅត្រង់ជើងភ្នំសិនេរុ ។ ទេវបុត្រទាំងពួង សូម្បីនៅយ៉ាងនោះ ក៏ទៅ ធ្លាក់ចុះក្នុងទីនោះ ដោយតេជះនៃបុណ្យរបស់សក្កទេវាជ ។ ទេវបុត្រទាំងនោះ បានដឹងខ្លួនក្នុងវេលានៅកណ្តាលភ្នំសិនេរុ ទើបពោលថា ពួកយើង មិនផឹកសុរា ។ ចាប់ផ្តើមអំពីនោះ ទើបបានឈ្មោះថា អសុរ ។ ខាងក្រោយផែនដីរបស់ អសុរ មានប្រមាណមួយម៉ឺនយោជន៍ ដែលតាំងឡើងតាមរដូវកាល ព្រោះ បច្ច័យនៃកម្មរបស់ពួកអសុរនោះ ក៏កើតឡើងក្នុងផ្ទៃខាងក្រោមនៃភ្នំសិនេរុ ។ សក្កទេវរាជ តាំងអារក្ខាដើម្បីមិនឲ្យទេវបុត្រទាំងនោះ ត្រឡប់មកវិញ ។