អដ្ឋកថា សុសិមសូត្រទី ២

ក្បាលទី 20 · ទំព័រ 500

ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួល ទេវបញ្ជា របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃពិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរឲ្យដល់នូវសេចក្តីប្រមាទ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅសុសិមទេវបុត្ត អស់វារៈ ២ ដងទៀត ។ បេ ។ ធ្វើពួកអសុរឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ ២ ដង ទៀត ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជជាធំជាងពួកទេវតា ត្រាស់ហៅ សុសិមទេវបុត្តមក អស់វារៈ ៣ ដងថា ម្នាលបាសុសិមៈ ពួកអសុរទាំងនោះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំង នឹងពួកអសុរចុះ ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជា ធំជាងពួកទេវតាថា ព្រះករុណាថ្លៃពិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់នូវសេចក្តីប្រមាទ អស់វារៈ ៣ ដងទៀត ។ ម្នាលភិក្ខុទាំងឡាយ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា បានពោលគាថា នឹងសុសិមទេវបុត្តថា បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ បានសេចក្តីសុខក្នុង ទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញ ឲ្យដល់ក្នុងទីនោះផង ។ សុសិមទេវបុត្តទូលថា បុគ្គលខ្ជិលច្រអូស ជាអ្នក មិនតស៊ូ មិនធ្វើកិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេចនូវ សេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កៈ សូមព្រះអង្គទ្រង់ បង្ហាញនូវកន្លែងដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ ។ សក្កទេវរាជតបថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិន តស៊ូ ដល់នូវសេចក្តីសុខ ដោយចំណែកមួយ ក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង ។