ធជគ្គសូត្រទី ៣

ក្បាលទី 20 · ទំព័រ 504

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះមានព្រះភាគ ត្រាស់ហៅ ភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួល ព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្រ្គាមទេវតា នឹងអសុរ បានផ្គុំគ្នា ( ប្រទល់គ្នា ) ហើយ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវរាជឈ្មោះ សក្កៈ ជាធំជាង ទេវតាទាំងឡាយ បានហៅពួកទេវតា ក្នុងឋានតាវត្តិង្សមកថា ម្នាលគ្នាយើង កាលបើពួកទេវតា ចូលកាន់សង្រ្គាមហើយ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬ សេចក្តីព្រឺរោមកើតឡើង ពួកអ្នកគប្បីក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ ក្នុង សម័យនោះចុះ ។ ព្រោះថា កាលបើអ្នកទាំងឡាយ ក្រឡេកមើលចុងទង់ជ័យ របស់ខ្ញុំ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមណានឹងកើតឡើង សេចក្តី ខ្លាចជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅវិញ ។ បើពួកអ្នកមិនក្រឡេកមើល ចុងទង់ជ័យរបស់ខ្ញុំទេ ក៏ត្រូវតែក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះ បជាបតិចុះ ។ ព្រោះថា កាលបើពួកអ្នកក្រឡេកមើលចុងទង់ជ័យនៃទេវរាជ ឈ្មោះបជាបតិ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោមណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹងស្ងប់រម្ងាប់ទៅវិញបាន ។ បើអ្នកទាំងឡាយ មិន ក្រឡេកមើលចុងទង់ជ័យនៃទេវរាជឈ្មោះបជាបតិទេ ក៏ត្រូវក្រឡេកមើលចុង ទង់ជ័យនៃទេវរាជឈ្មោះវរុណៈ ។