អដ្ឋកថា វេបចិត្តិសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងវេបចិត្តិសូត្រទី ៤ ដូច្នេះ បទថា វេបចិត្តិ សេចក្តីថា បានឮថា អសុរនោះជាប្រមុខនៃពួកអសុរ ។ បទថា យេន ត្រឹមតែជានិបាត ។ បទថា នំ ប្រែថា នោះ ។ បទថា កណ្ឋបញ្ចមេហិ សេចក្តីថា ចំណង ៥ កន្លែង គឺដៃ ២ ជើង ២ និងក ១ ចំណងជា គ្រឿងចងរឹតនោះ រមែងមកកាន់គន្លងចក្ខុ គឺរារាំងឥរិយាបថ ដូចសរសៃឈូក និងដូចសរសៃពីងពាង ។ ត្រូវគេចងដោយចំណងទាំងនោះដោយចិត្ត រមែង រួចផុតដោយចិត្ត ។ បទថា អក្កោសតិ សេចក្តីថា អសុរនោះ រមែងជេរដោយ អក្កោសវត្ថុទាំង ១០ នោះថា អ្នកជាចោរ ជាមនុស្សពាល ជាមនុស្សវង្វេង ជាឱដ្ឋ ជាគោ ជាលា ជាសត្វនរក ជាសត្វតិរច្ឆាន ជាអ្នកមិនមានសុគតិ អ្នក មានតែទុគ្គតិតែម្យ៉ាងបុណ្ណោះ ។ បទថា បរិភាសតិ សេចក្តីថា ពោលពាក្យ ទាំងនេះជាដើម គំរាមថា សក្កទេវរាជកញ្ចាស់ ឯងនឹងមិនឈ្នះគ្រប់កាលទេ កាលណាពួកអសុរឈ្នះ កាលនោះយើងនឹងចងឯងយ៉ាងនេះខ្លះ នឹងឲ្យដេក នៅត្រង់ទ្វារ របស់ផែនដីអសុរហើយវាយដំ ។ សក្កទេវរាជ មានជ័យជម្នះ ហើយ ក៏មិនយកចិត្តទុកដាក់នឹងពាក្យរបស់ស្តេចអសុរនោះ ។ មានការទទួល ស្វាគមន៍ដ៏ធំ សក្កទេវរាជទាញក្បាលរបស់ស្តេចអសុរនោះ ចូលទៅកាន់ ទេវសភា ឈ្មោះសុធម្មា និងត្រឡប់ចេញមកវិញ ។ បទថា អជ្ឈភាសិ សេចក្តីថា មាតលីទេវបុត្តពិចារណាថា ស្តេចសក្កៈនេះ អត់ធន់ចំពោះពាក្យគ្រោតគ្រាតនេះ ព្រោះសេចក្តីភ័យខ្លាចឬ ឬថា ព្រោះជាអ្នកប្រកបដោយអធិវាសនខន្តី ទើបទូលសួរហើយ ។ បទថា ទុព្វល្យេន ប្រែថា ទ្រង់មានកម្លាំងខ្សោយ ។