សុភាសិតជយសូត្រទី ៥
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្រ្គាមទេវតា និងអសុរ បានប្រទល់គ្នាហើយ ។ ម្នាល ភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ បាននិយាយនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ជ័យជម្នះចូរមានដោយសុភាសិតចុះ ។ សក្កទេវរាជ តបថា ម្នាលវេបចិត្តិ ជ័យជំនះចូរមានដោយសុភាសិតចុះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួកអសុរ បានតាំងពួកបរិសទ្យ ( ជា សាក្សី ) ថា ពួកបរិស័ទទាំងនេះនឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់ យើង ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិអសុរិន្ទ បាននិយាយ នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថាចុះ ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទនិយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយនឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជា ទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយយ៉ាង នេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា បើបុគ្គល មិនឃាត់ហាមជនពាលទេ ពួកជនពាល នឹង រឹងរឹតតែឈ្លានពានឡើង ព្រោះហេតុនោះ អ្នកប្រាជ្ញត្រូវឃាត់ ហាមជនពាល ដោយអាជាដ៏ខ្លាំង ។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយនឹងគាថា ដែលវេបចិត្តិ អសុរិន្ទបានពោលហើយ តែពួកទេវតានៅស្ងៀម ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ អ្នកឯងចូរពោលគាថាចុះ ។