កុលាវកសូត្រទី ៦

ក្បាលទី 20 · ទំព័រ 523

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្រ្គាមនៃទេវតា និងអសុរបានប្រទល់គ្នាហើយ ។ ម្នាលភិក្ខុទាំងឡាយ ក៏ ក្នុងសង្រ្គាមនោះឯង ពួកអសុរមានជ័យជម្នះ ពួកទេវតាបរាជ័យ ។ ម្នាល ភិក្ខុទាំងឡាយ ពួកទេវតាចាញ់ហើយរត់ឈមមុខទៅទិសខាងជើង ពួកអសុរ ក៏ដេញតាមពួកទេវតានោះៗ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ សក្កទេវានមិន្ទ បាននិយាយ នឹងមាតលិសង្គាហកទេវបុត្ត ដោយគាថាថា ម្នាលមាតលិ សម្បុក ( នៃពួកគ្រុឌ ) នៅលើដើមរកា អ្នកចូរ បំបែរមុខចន្ទោលរថចេញ ពួកយើងស៊ូលះជីវិត ចំពោះពួក អសុរដោយពិតចុះ កុំឲ្យតែពួកគ្រុឌទាំងនេះ ខ្ចាត់ខ្ចាយពី សម្បុកឡើយ ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត បានទទួលព្រះបន្ទូល សក្កទេវានមិន្ទថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនេះហើយ ក៏ញាក់ត្រឡប់ រថអាជានេយ្យ ដែលទឹមដោយសេះ ១០០០ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរត្រិះរិះយ៉ាងនេះ ថា ឥឡូវនេះ សក្កទេវានមិន្ទបត់រថអាជានេយ្យដែលទឹមដោយសេះ ១០០០ មកវិញហើយ ពួកទេវតានឹងតតាំងដោយពួកអសុរ ក្នុងលើកទី ២ ទៀត ។ ពួកអសុរក៏ភិតភ័យ រត់ទៅកាន់អសុរបុរីវិញ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានជ័យជម្នះនេះដោយធម៌ ដូច្នេះឯង ។