អដ្ឋកថា នទុព្ភិយសូត្រទី ៧

ក្បាលទី 20 · ទំព័រ 526

គប្បីជ្រាបវិនិច្ឆ័យក្នុងនទុព្ភិយសូត្រទី ៧ ដូចតទៅនេះ បទថា ឧបសង្កមិ សេចក្តីថា សក្កទេវរាជនេះ ត្រិះរិះថា យើងមិនគួរប្រទូស្ត សូម្បីដល់អ្នកជាសត្រូវរបស់យើង ។ គិតតទៅទៀតថា ឈ្មោះថា អ្នកដែល ជាសត្រូវចំពោះស្តេចវេបចិត្តិនោះ ក្រៅអំពីយើងមិនមាន យើងនឹងល្បងមើល ស្តេចវេបចិត្តិនោះសិន អសុរនោះឃើញយើងហើយ នឹងប្រទូស្ត ឬក៏មិន ប្រទូស្ត ទើបចូលទៅរក ។ បទថា តិដ្ឋ វេបចិត្តិ គហិតោសិ សេចក្តីថា សក្កទេវរាជ ត្រាស់ថា នែស្តេចវេបចិត្តិ អ្នកចូរឈប់ក្នុងទីនេះចុះ អ្នកត្រូវយើងចាប់ហើយ ។ ដំណាលគ្នានឹងព្រះតម្រាស់របស់សក្កទេវរាជនោះ ស្តេចវេបចិត្តិក៏ត្រូវចង ដោយចងត្រង់កជាទី ៥ ។ បទថា សបស្សុ ច មេ សេចក្តីថា សក្កទេវរាជ ត្រាស់ថា ស្តេចវេបចិត្តិ លោកចូរស្បថ ដើម្បីនឹងមិនប្រទូស្តក្នុងយើង ។ បទថា យំ មុសា ភណតោ បបំ សេចក្តីថា លោកពោល សំដៅដល់បាបរបស់ព្រះបាទចេតិយរាជ ក្នុងបឋមកប្ប ក្នុងកប្បនេះ ។ បទថា អរិយូបវាទិនោ បានដល់ បាបដូចបាបរបស់ភិក្ខុកោកាលិកៈ ។ បទថា មិត្តទ្ទុនោ ច យំ បបំ បានដល់ បាបរបស់អ្នកមានចិត្តប្រទូស្តក្នុងព្រះមហាស ត្វ ក្នុងមហាកបិជាតក ។ បទថា អកតញ្ញុនោ បានដល់ បាបរបស់ជន អកតញ្ញូ ដូចទេវទត្ត ។ បានឮថា ក្នុងកប្បនេះ មាន ៤ មហាកប្ប ។