រិរោចនាសុវិន្ទសូត្រទី ៨
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ ទ្រង់សម្ងំ ( ក្នុងសមាបត្តិ ) ។ គ្រានោះឯង សក្កទេវានមិន្ទ និងវិរោចនអសុរិន្ទ បានចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ឈរផ្អែកនឹងសន្លឹកទ្វារម្ខាងម្នាក់ ។ លំដាប់នោះឯង វិរោចនអសុរិន្ទ បានពោលគាថានេះ ក្នុង សំណាក់ព្រះមានព្រះភាគថា បុគ្គលជាបុរស ( កូនប្រុស ) ត្រូវតែខំប្រឹងឲ្យទាល់តែសម្រេច ប្រយោជន៍ ព្រោះថា បុគ្គលជាបុរស ឈ្មោះថា ជាប្រយោជន៍ សម្រេចល្អហើយ នេះជាពាក្យរបស់វិរោចនអសុរិន្ទ ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គលជាបុរស ត្រូវតែ ខំប្រឹង ឲ្យទាល់តែសម្រេចប្រយោជន៍ ប្រយោជន៍ទាំងឡាយ ( របស់បុរស ) ឈ្មោះថា សម្រេចល្អហើយ បុន្តែ ប្រយោជន៍អ្វីឲ្យក្រៃលែងជាជាងខន្តិ មិនមានទេ ។ វិរោចនអសុរិន្ទតបថា ពួកសត្វទាំងអស់ មាន ប្រយោជន៍ សម្រេចហើយ តាមសមគួរដល់ការងារនោះៗ គ្រឿងបរិភោគរបស់ពួកសត្វទាំងអស់ មានការផ្សំ ត្រូវទុកជា សំខាន់បំផុត ប្រយោជន៍ទាំងឡាយ ( របស់បុរស ) ឈ្មោះ ថា សម្រេចល្អហើយ នេះជាពាក្យរបស់វិរោចនអសុរិន្ទ ។ ព្រះមានព្រះភាគត្រាស់ថា ពួកសត្វទាំងអស់ មានប្រយោជន៍សម្រេចហើយ តាមសមគួរដល់ការងារនោះៗ គ្រឿងបរិភោគ របស់សព្វសត្វ មានការផ្សំ ត្រូវទុកជាសំខាន់ បំផុត ប្រយោជន៍ទាំងឡាយ ( របស់បុរស ) ឈ្មោះថា សម្រេចល្អហើយ ប៉ុន្តែប្រយោជន៍អ្វី ឲ្យក្រៃលែងជាងខន្តិ មិនមានទេ ។