អារញ្ញកសូត្រទី ៩ - សក្កទេវានមិន្ទ និង វេបចិត្តិអសុរិន្ទ ចូលទៅរកពួកឥសី

ក្បាលទី 20 · ទំព័រ 531

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ល្អ នៅអាស្រ័យក្នុងកុដិ ដែលប្រក់ដោយស្លឹកឈើ ក្នុងដងព្រៃ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ និងវេបចិត្តិអសុរិន្ទ ចូលទៅរកពួកឥសីអ្នកមានសីល មាន គុណធម៌ដ៏ល្អទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ ពាក់ ស្បែកជើងដ៏ក្រាស់ សៀតនូវព្រះខ័ន បាំងឆត្រដើរចូលទៅកាន់អាស្រម តាមទ្វារដ៏ប្រសើរ ដើរក្បែរពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ចម្ងាយប្រមាណមួយព្យាម ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវានមិន្ទ ដោះស្បែកជើងដ៏ក្រាស់ ប្រទានព្រះខ័នដល់ពួកទេវតាឯទៀត តែមិនដំឡោះ ឆត្រ ស្តេចចូលទៅកាន់អាស្រមតាមទ្វារខាង បានឈរធ្វើអញ្ជលីនមស្ការ ពួកឥសី អ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ពីខាងក្រោមខ្យល់ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បានពោលនឹងសក្កទេវានមិន្ទ ដោយគាថាថា ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តនូវវត្តដ៏យូរ រមែងឃ្លាតចេញ អំពីកាយ ផ្សាយទៅតាមខ្យល់ បពិត្រសហស្សនេត្រ សូម ព្រះអង្គចៀសចេញពីទីនេះទៅ បពិត្រទេវរាជ ព្រោះក្លិន របស់ពួកឥសីមិនស្អាតទេ ។ ក្លិនរបស់ពួកឥសីអ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធំ ចេញអំពីកាយ ផ្សាយទៅតាមខ្យល់ ( ក៏ពិតមែន ) បពិត្រលោកដ៏ចម្រើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននោះ ដូចជា បុគ្គលត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ ដាក់លើក្បាល ពួក ទេវតាមិនសម្គាល់ក្នុងការខ្ពើមរអើម ក្នុងក្លិននេះទេ ។