សមុទ្ទកសូត្រទី ១០ - សង្គ្រាមទេវតា និង អសុរ

ក្បាលទី 20 · ទំព័រ 534

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ ដ៏ល្អ នៅអាស្រ័យក្នុងកុដិប្រក់ស្លឹក ទៀបឆ្នេរសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ ក៏សម័យនោះឯង សង្រ្គាមទេវតា និងអសុរប្រទល់គ្នាហើយ ។ ម្នាលភិក្ខុ ទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកទេវតាប្រកបដោយធម៌ ពួកអសុរមិនប្រកបដោយ ធម៌ទេ ភ័យអំពីពួកអសុរនោះ សមជានឹងមានដល់ពួកយើងជាប្រាកដ បើដូច្នោះ មានតែពួកយើងត្រូវចូលទៅរកសម្ពរអសុរិន្ទ ហើយសូមនូវ អភយទាន ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសីអ្នកមាន សីល មានគុណធម៌ដ៏ល្អទាំងនោះក៏បាត់អំពីកុដិ ប្រក់ដោយស្លឹក ទៀបឆ្នេរនៃ សមុទ្រ ទៅប្រាកដក្នុងទីចំពោះមុខសម្ពរអសុរិន្ទ ដូចជាបុរសមានកម្លាំងលា នូវដៃដែលបត់ ឬបត់នូវដៃដែលលា ដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ទើបពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បាននិយាយនឹងសម្ពរអសុរិន្ទ ដោយគាថាថា លោកអាចឲ្យភ័យក៏បាន ឲ្យអភ័យក៏បាន បានជាពួកឥសីមក សូមអភយទាន អំពីសំណាក់សម្ពរអសុរិន្ទ ។ សម្ពរអសុរិន្ទតបថា អភ័យមិនមានដល់ពួកឥសី អ្នក អាចអាក្រក់ ជាអ្នកសេពគប់នឹងសក្កទេវរាជ កាលបើពួក ឥសីសូមអភ័យ ខ្ញុំត្រឡប់ឲ្យភ័យដល់លោកវិញ ។