អដ្ឋកថា បឋមទេវសូត្រទី ១ - វត្តបទ៧ប្រការ

ក្បាលទី 20 · ទំព័រ 541

ក្នុងបឋមទេវសូត្រទី ១ នៃទុតិយវគ្គ គប្បីជ្រាបវិនិច្ឆ័យ ដូចតទៅនេះ បទថា វត្តបទានិ បានដល់ ចំណែកនៃវត្ត ។ បទថា សមត្តានិ គឺបរិបូណ៌ហើយ ។ បទថា សមាទិន្នានិ គឺកាន់យកហើយ ។ បទថា កុលេ ជេដ្ឋាបចាយី សេចក្តីថា ធ្វើសេចក្តីកោតក្រែងអ្នកជាធំក្នុង ត្រកូលជាដើមថា ជីតា ជីដូន ពុកមា ម្តាយមីង ពុកធំ ម្តាយធំ ។ បទថា សណ្ញវាចោ បានដល់ មានវាចាល្អិតទន់ គួរជាទីគាប់ចិត្ត ។ បទថា មុត្តចាគោ បានដល់ លះស្រឡះ ។ បទថា បយតបណី បានដល់ លាង ដៃដើម្បីឲ្យទេយ្យធម៌ ។ បទថា វោស្សគ្គរតោ បានដល់ ត្រេកអរក្នុងការលះបង់ ។ បទថា យាចយោគោ បានដល់ ជាអ្នកដែលជនដទៃគួរសូម ឬអ្នកប្រកបដោយការបូជានុ៎ះឯង ឈ្មោះថា យាចយោគោ ។ បទថា ទានសំវិភាគរតោ បានដល់ ត្រេកអរហើយក្នុងការឲ្យ និងការចែករលែក ។