តតិយទេវសូត្រទី ៣ - ធម៌ដែលនាំឲ្យកើតជា សក្កទេវរាជ

ក្បាលទី 20 · ទំព័រ 545

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី ។ លំដាប់ នោះឯង ស្តេចលិច្ឆវីព្រះនាមមហលី បានចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ លុះស្តេចលិច្ឆវី ព្រះនាមមហលី គង់ក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមាន ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់បានឃើញសក្កទេវានមិន្ទ ដែរឬ ។ បពិត្រមហលី តថាគត បានឃើញសក្កទេវានមិន្ទដែរ ។ បពិត្រ ព្រះអង្គដ៏ចម្រើន ក្រែងសក្កទេវានមិន្ទ គ្រាន់តែជារូបប្រៀបរបស់សក្កៈទេដឹង បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា សក្កទេវានមិន្ទ គេមិនងាយនឹងឃើញទេ ។ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហលី តថាគតស្គាល់ ច្បាស់នូវសក្កទេវរាជផង នូវធម៌ធ្វើសត្វឲ្យបានជាសក្កៈផង មួយទៀត សក្កទេវរាជ បានដល់នូវភាវៈនៃខ្លួនជាសក្កៈ ព្រោះតែសមាទានធម៌ណា តថាគត ក៏ដឹងច្បាស់ធម៌នោះផង ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជា មនុស្សក្នុងជាតិមុន ជាមាណពឈ្មោះមឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានឲ្យទានមុនគេ ហេតុនោះ បានជាហេតុហៅថា បុរិន្ទទៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជាគេហៅថាសក្កៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើត ជាមនុស្សក្នុងជាតិមុន បានឲ្យទីសម្រាប់សំណាក់ ហេតុនោះ បានជាគេហៅថា