អដ្ឋកថា ទឡិទ្ទសូត្រ ទី ៤ ឬ ទលិទ្ទសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងទឡិទ្ទសូត្រទី ៤ ដូចតទៅនេះ បទថា មនុស្សទឡិទ្ទោ គឺមនុស្សកម្សត់ក្រីក្រ ។ បទថា មនុស្សកបណោ គឺដល់ នូវភាពជាមនុស្សគួរឲ្យអាណិត ។ បទថា មនុស្សវរាកោ គឺជាមនុស្ស ថោកទាប ។ បទថា តត្រ ប្រែថា ក្នុងទីនោះ ឬក្នុងសេចក្តីរុងរឿងនោះ ។ បទថា ឧជ្ឈាយន្តិ ប្រែថា សម្លឹងទោស គឺគិតតែសេចក្តីអាក្រក់ ។ បទថា ខិយ្យន្តិ គឺប្រកាស ។ បទថា វិបចេន្តិ គឺនិយាយបើកបង្ញាញក្នុងទីនោះៗ ។ ក្នុងបទនេះថា ឯសោ ខោ មារិស មានអនុបុព្វីកថាដូចតទៅនេះ បានឮថា ទេវបុត្រនោះ កាលព្រះពុទ្ធមិនទាន់កើតឡើង បានជាស្តេចក្នុង ក្រុងពារាណសី ក្នុងដែនកាសី ទ្រង់ធ្វើប្រទក្សិណព្រះនគរ ដែលលើកទង់ជ័យ និងទង់ជ្វាលាឡើង ប្រដាប់ដោយគ្រឿងប្រដាប់នគរយ៉ាងល្អ ដោយសិរីសម្បត្តិ របស់ព្រះអង្គ ដែលពពួកជននាំគ្នារមិលមើលដោយភ្នែកតែមួយ ។ សម័យ នោះ ព្រះបច្ចេកពុទ្ធមួយអង្គ មានឥន្ទ្រិយស្ងប់ មានចិត្តស្ងប់ ដល់ព្រមដោយ ការទូន្មានខ្លួនយ៉ាងល្អ មកអំពីភ្នំគន្ធមាទន៍ ត្រាច់ទៅបិណ្ឌបាតក្នុងនគរនោះ ។ ចំណែកមហាជន លះបង់សេចក្តីកោតក្រែងព្រះរាជា សម្លឹងមើលព្រះបច្ចេកពុទ្ធ តែម្យ៉ាង ។ ព្រះរាជាទ្រង់ព្រះតម្រិះថា ឥឡូវនេះ ក្នុងពពួកជននេះ សូម្បីតែ ម្នាក់ ក៏មិនសម្លឹងមើលអញ តើមានរឿងអ្វីហ្ន៎ កាលរកមើល ក៏ឃើញ ព្រះបច្ចេកពុទ្ធ ។ ព្រះបច្ចេកពុទ្ធនោះ លោកក៏ជរាមានអាយុច្រើន ។ ចីវរ របស់លោកក៏ចាស់សៅហ្មង ។ សរសៃអំបោះ ដាច់រយៃអំពីទីនោះៗ ។