យជមានសូត្រទី ៦
ក្បាលទី 20 · ទំព័រ 558
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលដល់ក៏ថ្វាយបង្គំ ហើយឋិតនៅក្នុងទីសមគួរ ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាប ទូលព្រះមានព្រះភាគ ដោយគាថាថា ទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹង ធ្វើបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន តើឲ្យដល់បុគ្គលណា ទើបជាទានមានផលច្រើន ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គល ៤ ពួក ប្រតិបត្តិ ( ដើម្បីផល ) បុគ្គល ៤ ពួក ឋិតនៅក្នុងផល បុគ្គលនោះ គឺសង្ឃជាអ្នកត្រឹមត្រង់ ប្រកបដោយបញ្ញា និងសីល ឯទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន បានឲ្យដល់សង្ឃនោះ ទើបជាទាន មានផលច្រើន ។