វន្ទនសូត្រទី ៧

ក្បាលទី 20 · ទំព័រ 561

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ ។ គ្រានោះឯង សក្កទេវានមិន្ទ នឹងសហម្បតិព្រហ្ម បានចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ បានឋិតអែបនឹងសន្ទះទ្វារម្ខាងម្នាក់ ។ គ្រានោះឯង សក្កទេវានមិន្ទ បានពោលគាថានេះ ក្នុង សម្នាក់នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គជាវីរបុរស ជាអ្នកឈ្នះសង្រ្គាម សូមព្រះអង្គ ក្រោកឡើង បពិត្រព្រះអង្គអ្នកដាក់ភារៈចុះហើយ មិនចំពាក់ បំណុល គឺកិលេស សូមព្រះអង្គស្តេចទៅក្នុងលោក ព្រោះ ហបឫទ័យរបស់ព្រះអង្គ រួចស្រឡះហើយ ដូចជាព្រះចន្ទក្នុង រាត្រីទី ១៥ កើត ។ ព្រះអង្គត្រាស់ថា នែទេវានមិន្ទ ព្រះតថាគតទាំងឡាយ គេមិនគួរថ្វាយបង្គំយ៉ាងនេះទេ ។ នែទេវានមិន្ទ ព្រះតថាគត ទាំងឡាយ គេគួរថ្វាយបង្គំយ៉ាងនេះថា បពិត្រព្រះអង្គ ជាវីរបុរសជា អ្នកឈ្នះសង្រ្គាម សូមព្រះអង្គក្រោកឡើង បពិត្រព្រះអង្គអ្នកដឹកនាំពួកសត្វ ទ្រង់គ្មានបំណុល គឺកិលេស សូមព្រះអង្គស្តេចទៅក្នុងលោក សូមព្រះមានព្រះភាគសម្តែង ធម៌ ពួកបុគ្គលអ្នកត្រាស់ដឹង គង់នឹងមាន ។