ទុព្វណ្ណិយសូត្រទី ២ - យក្សឈ្មោះ កោធភក្ស
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានយក្ខមួយ សម្បុរអាក្រក់ ខ្លួនតឿ ពោះកំបោង បានអង្គុយលើអាសនៈ របស់សក្កទេវានមិន្ទ ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីតំណាលក្នុងរឿង នោះថា ពួកទេវតាក្នុងឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចម្លែកណាស់ហ្ន៎ យក្ខមានសម្បុរអាក្រក់ ខ្លួនតឿ ពោះ កំបោងនេះ ហានអង្គុយលើអាសនៈរបស់សក្កទេវានមិន្ទ ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកទេវតាក្នុងឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ ដោយ ហេតុណាៗ យក្ខនោះក៏រឹតតែមានរូបល្អផង គួរជាទីពិតពិលរមិលរមើល ក្រៃពេកផង រឹតតែឲ្យជ្រះថ្លាផង ដោយហេតុនោះៗ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ពួកទេវតាក្នុងឋានតាវត្តិង្ស ចូលទៅគាល់សក្កទេវានមិន្ទ លុះចូលទៅដល់ហើយ បានក្រាបទូលសក្កទេវានមិន្ទយ៉ាងនេះថា បពិត្រព្រះអង្គអ្នកនិទុ៌ក្ខ ឥឡូវនេះ មានយក្ខមួយសម្បុរ អាក្រក់ ខ្លួនតឿ ពោះកំបោង អង្គុយលើអាសនៈរបស់ព្រះអង្គ ។ បពិត្រ ព្រះអង្គអ្នកនិទ៌ុក្ខ ក្នុងរឿងនោះឮថា ពួកទេវតាក្នុងឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចម្លែកណាស់ហ្ន៎ យក្ខមានសម្បុរ អាក្រក់ ខ្លួនតឿ ពោះកំបោងនេះ ហានអង្គុយលើអាសនៈរបស់សក្កទេវានមិន្ទ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទោះបីពួកទេវតាឋានតាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ យ៉ាងណាៗ ក៏យក្ខនោះរឹតតែមានរូបល្អឡើងផង គួរជាទីពិត ពិលរមិលមើលក្រៃពេកផង រឹតតែគួរឲ្យជ្រះថ្លាផង បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យក្ខនោះ ពិតជាឈ្មោះកោធភក្ខយក្ខ ( មានសេចក្តីក្រោធជាអាហារ )