មាយាសូត្រទី ៣ - វេបចិត្តិអសុរិន្ទ

ក្បាលទី 20 · ទំព័រ 580

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ វេបចិត្តិអសុរិន្ទ មានអាពាធជាទម្ងន់ ដល់នូវទុក្ខវេទនា ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅសួរជំងឺវេបចិត្តិអសុរិន្ទ ។ ម្នាលភិក្ខុ ទាំងឡាយ វេបចិត្តិអសុរិន្ទ បានឃើញសក្កទេវានមិន្ទ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងសក្កទេវានមិន្ទ យ៉ាងនេះថា បពិត្រទេវានមិន្ទ សូមទ្រង់រក្សាខ្ញុំផង ។ សក្កទេវានមិន្ទតបថា ម្នាលវេបចិត្តិ អ្នកចូរប្រាប់កល ល្បិចដល់ខ្ញុំ ។ វេបចិត្តិអសុរិន្ទតបថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំមិនទាន់ប្រាប់ទេ ចាំខ្ញុំសាកសួរពួកអសុរសិន ។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទសាកសួរ ពួកអសុរថា ម្នាលពួកអ្នកនិទ៌ុក្ខ ខ្លួនខ្ញុំនឹងប្រាប់កលល្បិច ដល់សក្កទេវានមិន្ទ ទៅឬ ។ ពួកអសុរតបថា បពិត្រអ្នកនិទុ៌ក្ខ ព្រះអង្គកុំប្រាប់កលល្បិច ដល់ សក្កទេវានមិន្ទឡើយ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ បានពោល នឹងសក្កទេវានមិន្ទ ដោយគាថាថា បពិត្រមឃវសក្កទេវរាជ ព្រះនាមសុជម្បតិ បុគ្គលមានកលល្បិច តែងទៅកើតក្នុងនរកដ៏ពន្លឹក ដូចជាសម្ពរអសុរិន្ទ ប្រកបដោយកលល្បិច ក៏ឆេះក្នុងនរកអស់ ១០០ ឆ្នាំគត់ ។