អក្កោធសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគ ។ បេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ពន្យល់ពួកទេវតាឋានតាវត្តិង្ស ក្នុងរោង ប្រជុំ ឈ្មោះសុធម្មា បានពោលគាថានេះ ក្នុងវេលានោះថា សេចក្តីក្រោធ កុំគ្របសង្កត់អ្នកឡើយ មួយទៀត អ្នកកុំខឹងនឹង ពួកបុគ្គល ដែលកំពុងខឹងឡើយ សេចក្តីមិនខឹងក្តី សេចក្តីមិន បៀតបៀនក្តី រមែងមាននៅក្នុងពួកព្រះអរិយៈសព្វកាល ប៉ុន្តែ សេចក្តីក្រោធដូចជាភ្នំ តែងញាំញីនូវជនអាក្រក់ ។ សក្កបញ្ចកៈ ចប់ ៥ ឧទ្ទានក្នុងសក្កបញ្ចកៈនោះ គឺ សក្កបញ្ចកៈនេះ ដែលព្រះពុទ្ធជាបុគ្គលប្រសើរសម្តែងហើយ ដោយ ឃត្វាសូត្រ ១ ទុព្វណ្ណិយសូត្រ ១ មាយាសូត្រ ១ អច្ចយសូត្រ ១ អក្កោធសូត្រ ១ ។ សក្កសំយុត្ត ចប់ ក្នុងសគាថវគ្គមានសំយុត្ត ១១ គឺ ទេវតាសំយុត្ត ១ ទេវបុត្តសំយុត្ត ១ រាជៈ គឺកោសលសំយុត្ត ១ មារសំយុត្ត ១ ភិក្ខុនីសំយុត្ត ១ ព្រហ្មសំយុត្ត ១ ព្រាហ្មណសំយុត្ត ១ វង្គីសសំយុត្ត ១ វនសំយុត្ត ១ យក្ខសំយុត្ត ១ វាសវៈ គឺសក្កសំយុត្ត ១ ។