បដិច្ចសមុប្បាទសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ កាលព្រះមាន ព្រះភាគគង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបដិច្ចសមុប្បាទធម៌ ដល់អ្នកទាំងឡាយ ចូរអ្នក ទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹង សម្តែងប្រាប់ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះ បដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ ៦ កើតមានព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមានព្រោះអាយតនៈ ៦ ជាបច្ច័យ វេទនាកើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមានព្រោះវេទនាជាបច្ច័យ ឧបាទានកើតមានព្រោះតណ្ហាជាបច្ច័យ ភពកើតមានព្រោះឧបាទានជាបច្ច័យ ជាតិកើតមានព្រោះភពជាបច្ច័យ ជរា មរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្ហៀតចង្អល់ចិត្ត ក៏កើតមានព្រមព្រោះជាតិជាបច្ច័យ ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាបដិច្ចសមុប្បាទធម៌ ។