អដ្ឋកថា បដិច្ចសមុប្បាទសូត្រទី ១
បឋមបដិច្ចសមុប្បាទសូត្រ ក្នុងនិទានវគ្គ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ។ [ ១-៣ ] ក្នុងបដិច្ចសមុប្បាទសូត្រនោះ ពណ៌នាតាមលំដាប់បទថា តត្រ ខោ ភគវា ភិក្ខូ អាមន្តេសិ ដូចតទៅនេះ បណ្តាបទទាំងនោះ បទថា តត្រ ជាពាក្យសម្តែងដល់ទេសៈ ទីកន្លែង និងកាលវេលា ។ ពិតហើយ ពាក្យថា តត្រ នោះ រមែងសម្តែងអត្ថថា ក្នុងសម័យដែល ព្រះមានព្រះភាគប្រថាប់នៅ និងក្នុងវត្តជេតពនដែលព្រះមានព្រះភាគប្រថាប់ នៅ ឬសម្តែងដល់ទេសៈ និងកាលដែលសមគួរដល់ពាក្យដែលព្រះអង្គគួរ ត្រាស់ ។ ដ្បិតថា ព្រះមានព្រះភាគមិនត្រាស់ធម៌ក្នុងទេសៈ និងកាលដែល មិនគួរ ។ ក្នុងរឿងនេះ មានបទថា អកាលោ ខោ តាវ ពាហិយ ជា សាធកៈ ។ សព្ទថា ខោ ជានិបាត ប្រើក្នុងអត្ថថា គ្រាន់តែធ្វើបទឲ្យពេញ ដោយអត្ថថា ហាមសេចក្តីដទៃ ឬក្នុងអត្ថសំដៅដល់កាលខាងដើម ។ បទថា ភគវា ជាពាក្យសម្តែងថា ព្រះមានព្រះភាគ ទ្រង់ជាគ្រូរបស់សត្វលោក ដោយពាក្យថា ភិក្ខូ ជាពាក្យប្រារព្ធដល់បុគ្គលដែលគួរដល់ការស្តាប់ព្រះ តម្រាស់ ន័យម្យ៉ាងទៀត ក្នុងបទថា ភិក្ខូ នេះ គប្បីជ្រាបអត្ថដោយន័យ ជាដើមថា ឈ្មោះថា ភិក្ខុ ព្រោះអត្ថថា សូម ឈ្មោះថា ភិក្ខុ ព្រោះអត្ថថា ចូលដល់ភិក្ខាចារ ។ បទថា អាមន្តេសិ ប្រែថា ត្រាស់ហៅ គឺបានត្រាស់ បានដល់ ឲ្យដឹងខ្លួន ។ ក្នុងបទថា អាមន្តេសិ នេះ មានអធិប្បាយដូច្នេះ តែក្នុងទីដទៃ មានអត្ថថា ឲ្យដឹង ដូចដែលត្រាស់ថា អាមន្តយាមិ វោ ភិក្ខវេ បដិវេទយាមិ វោ ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ តថាគតដាស់តឿនអ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតសូមប្រកាសដល់អ្នកទាំងឡាយ ។ មាន អត្ថថា ហៅ ក៏មាន ដូចព្រះតម្រាស់ថា ឯហិ ត្វំ ភិក្ខុ មម វចនេន សារីបុត្តំ