អត្ថរបស់វោសព្ទ
ជាអ្នកមានសីលបរិសុទ្ធ ប្រារព្ធសេចក្តីព្យាយាម ប្រកបសេចក្តីព្យាយាមហើយ មិនត្រាស់ប្រាប់បដិបទាដែលជាចំណែកខាងដើមដល់លោក តែមិនត្រាស់ប្រាប់ លក្ខណៈនៃវិបស្សនាដ៏ល្អិតសុខុម សម្តែងនូវសុញ្ញតាដែលជាបទដ្ឋាននៃ អរហត្តត្រង់ៗ ឡើយ ។ ភិក្ខុចំនួនទាំង ៥០០ រូបនេះ កាលជម្រះបដិបទា ដែលជាចំណែកខាងដើមហើយ តាំងនៅដូចមាស បរិសុទ្ធដូចគ្នានឹងដុំមណី ដែលខាត់ហើយ ។ លោកុត្តរមគ្គឯណានីមួយ មិនបានមកដល់ពួកលោក ឡើយ ព្រះសាស្តាបានពិចារណាអធ្យាស្រ័យរបស់ពួកភិក្ខុទាំងនោះ ដើម្បីឲ្យ ដល់លោកុត្តរមគ្គ នោះ ទើបទ្រង់នាំព្រះសូត្រនេះមក ។ បណ្តាបទទាំងនោះ បទថា បដិច្ចសមុប្បាទំ បានដល់ បច្ចយាការ ។ ពិតហើយ បច្ចយាការអាស្រ័យគ្នាហើយ រមែងឲ្យសហជាតធម៌កើតឡើង ។ ព្រោះដូច្នោះ ទើបបច្ចយាការ ព្រះមានព្រះភាគត្រាស់ថា បដិច្ចសមុប្បាទ ។ សេចក្តីសង្ខេបក្នុងនិទានវគ្គនេះ មានប្រមាណបុណ្ណេះ ។ ឯសេចក្តីពិស្តារ អ្នកសិក្សា គប្បីពិចារណាចាកគម្ពីរបករណ៍វិសេស ឈ្មោះវិសុទ្ធិមគ្គ ។ សព្ទថា វោ ក្នុងពាក្យថា វោ នេះ រមែងប្រើបានទាំងក្នុងបឋមាវិភត្តិ ទុតិយាវិភត្តិ តតិយាវិភត្តិ ចតុត្ថីវិភត្តិ ឆដ្ឋីវិភត្តិ និងក្នុងការធ្វើបទឲ្យពេញ ពិតហើយ វោ សព្ទនេះ រមែងប្រាកដក្នុងបឋមាវិភត្តិ ក្នុងប្រយោគជាដើមថា កច្ចិ បន វោ អនុរុទ្ធា សមគ្គា សម្មោទមានា ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នាទេឬ ដូច្នេះ ។