បដិបទាសូត្រទី ៣

ក្បាលទី 20 · ទំព័រ 630

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវមិច្ឆាបដិបទា និងសម្មាបដិបទាដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ប្រាប់ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះ មិច្ឆាបដិបទា តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមានព្រោះ អវិជ្ជាជាបច្ច័យ វិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើង ព្រមនៃកងទុក្ខទាំងអស់នោះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា មិច្ឆាបដិបទា ។ ម្នាលភិក្ខុទាំងឡាយ ចុះសម្មាបដិបទាតើដូចម្តេច ។ ការរលត់ នៃសង្ខារ ព្រោះការវិនាស និងការរលត់ ឥតមានសេសសល់នៃអវិជ្ជា ការរលត់ នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ។ បេ ។ ការរលត់នៃកងទុក្ខទាំងអស់ នោះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាបដិបទា ។