វិបស្សីសូត្រទី ៤

ក្បាលទី 20 · ទំព័រ 633

ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមា នព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ កាលនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង នៅឡើយ ក្នុងកាលមុនអំពីកាលត្រាស់ដឹង ទ្រង់មានសេចក្តីត្រិះរិះដូច្នេះ ថា ឱហ្ន៎សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់ នូវការរលាស់ចោលសេចក្តី ទុក្ខ គឺជរា និងមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោល សេចក្តីទុក្ខ គឺជរា និងមរណៈនេះ នឹងប្រាកដឡើងបាន ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មាន សេចក្តីត្រិះរិះដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជរា និងមរណៈកើតមាន ជរានិ ងមរណៈកើតមាន ព្រោះអ្វីជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការ ថា កាលបើជាតិកើតមាន ជរា និងមរណៈក៏កើតមាន ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជាតិកើតមាន ជាតិ កើតមានព្រោះអ្វីជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សី ពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការថា កាលបើ ភពកើតមាន ជាតិក៏កើតមាន ជាតិកើតមានព្រោះភពជាបច្ច័យ ។ ម្នាល ភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វមានសេចក្តីត្រិះរិះដូច្នេះថា កាលអ្វី ហ្ន៎កើតមាន ទើបភពកើតមាន ភពកើតមានព្រោះអ្វីជាបច្ច័យ ។ ម្នាលភិក្ខុទាំង-