អដ្ឋកថា អាហារសូត្រទី ១ - អាហារ៤
អាហារសូត្រទី ១ នៃអាហារវគ្គទី ២ មានវិនិច្ឆ័យដូច្នេះ បទថា អាហារា បានដល់ បច្ច័យ ។ ពិតហើយ បច្ច័យ លោកហៅថា អាហារ ព្រោះនាំផលឲ្យដល់ខ្លួន ។ ក្នុងបទថា ភូតានំ វា សត្តានំ ជាដើម គប្បីជ្រាបអត្ថតទៅនេះ បទថា ភូតា បានដល់ កើតហើយ គឺកើតឡើង ហើយ ។ បទថា សម្ភវេសិនោ បានដល់ ពួកសត្វដែលស្វែងរក ស្វែងរក សម្ភព គឺទីកើត និងទីកើតឡើង ។ បណ្តាកំណើតទាំង ៤ នោះ អណ្ឌ សត្វ ជលាពុជ សត្វ មិនទាន់ទម្លាយសម្បកសុតបានដរាបណា ឈ្មោះថា សម្ភវេសី ដរាបនោះ សត្វដែលទម្លាយសម្បកសុតចេញមកខាងក្រៅ ឈ្មោះ ថា ភូត ។ ពួកសំសេទជសត្វ និងឱបបាតិកសត្វ ក្នុងខណៈនៃចិត្តដួងដំបូង ឈ្មោះថា សម្ភវេសី ។ តាំងអំពីខណៈចិត្តទី ២ ឈ្មោះថា ភូត ។ ម្យ៉ាងទៀត សត្វដែលមិនដល់ឥរិយាបថដទៃអំពីឥរិយាបថដែលខ្លួនកើតដរាបណា ឈ្មោះថា ជាសម្ភវេសីដរាបនោះ ក្រៅអំពីនោះ គឺកម្រើកឥរិយាបថ ឈ្មោះ ថា ភូត ។ ម្យ៉ាងទៀត បទថា ភូតា បានដល់ កើតហើយ គឺកើតឡើង ហើយ ភូតពួកណា គឺភូតដែលដល់នូវការរាប់ថា មិនមានការកើតទៀត ពាក្យនោះ ជាឈ្មោះរបស់ព្រះខីណាស្រពទាំងនោះ ។ ឈ្មោះថា សម្ភវេសី ព្រោះស្វែងរក ភពដែលកើត ពាក្យនោះ ជាឈ្មោះរបស់ព្រះសេក្ខៈ និង បុថុជ្ជនដែលស្វែងរកភពតទៅ ព្រោះមិនទាន់លះសំយោជនៈបាន ដោយ អាការយ៉ាងនេះ ទើបកិលេសភវសំយោជនៈនោះ ទាញសព្វសត្វទុកដោយ បទទាំង ២ នេះ ដោយប្រការទាំងពួង ។ ម្យ៉ាងទៀត វា សព្ទ ក្នុងបទថា ភូតានំ វា សត្តានំ នេះ មានអត្ថថា ប្រមូលគ្នា ព្រោះហេតុនោះ គប្បី ជ្រាបអត្ថដូច្នេះថា ភូតានំ ច សម្ភវេសីនំ ច សត្វដែលកើតហើយ និង សត្វដែលស្វែងរកភព ។