អដ្ឋកថា មោឡិយផគ្គុនសូត្រទី ២

ក្បាលទី 20 · ទំព័រ 670

ក្នុងផគ្គុនសូត្រទី ២ មានវិនិច្ឆ័យដូច្នេះ បទថា សម្ភវេសីនំ វា អនុគ្គហាយ បានដល់ ព្រះមានព្រះភាគ ទ្រង់ឲ្យទេសនាចប់ក្នុងទីនោះឯង ។ ព្រោះហេតុអ្វី ព្រោះអ្នកមានទិដ្ឋិអង្គុយហើយ ។ ពិតហើយ ព្រះមោលិយផគ្គុនភិក្ខុដែលមានទិដ្ឋិ អង្គុយនៅក្នុងបរិស័ទនោះហើយ បន្ទាប់អំពីនោះ ព្រះសាស្តា ទ្រង់ព្រះតម្រិះថា មោលិយផល្គុនភិក្ខុនេះ នឹងក្រោកឡើងសួរបញ្ញា ជាមួយតថាគត កាលបើដូច្នោះ តថាគតនឹងឆ្លើយបញ្ញា ហើយឲ្យទេសនា ចប់ ដើម្បីឲ្យឱកាសដល់លោកបានសួរ ។ ផ្នួងសក់ លោកហៅថា មោលី ក្នុងពាក្យថា មោលិយផគ្គុនោ នេះ សមដូចព្រះតម្រាស់ថា ព្រះសក្យមុនី ទ្រង់កាត់ព្រះមោលី ដែលអប់ដោយទឹកក្រអូបយ៉ាងល្អ ហើយទ្រង់បោះទៅក្នុងអាកាស ស្តេចវាសវៈ ដ៏ជាសហស្សនេត្រ ក៏យកប្រអប់មាស ដ៏ប្រសើរទទួលទុក ដោយសិរសា គឺត្បូង ។ សម័យដែលលោកនៅជាគ្រហស្ថ មោលី គឺផ្នួងសក់របស់លោកធំណាស់ ព្រោះហេតុនោះ ទើបលោកមាននាមបញ្ញត្តិថា មោលិយផគ្គុន ។ សូម្បីលោក បួសហើយ ពួកមនុស្សក៏នៅស្គាល់តាមឈ្មោះនោះឯង ។ បទថា ឯតទវោច បានដល់ លោកកាលបន្តទេសនានុសន្ធិ ក៏បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន នរណាហ្ន៎ នាំ វិញ្ញាណាហារមក ។ គប្បីជ្រាបអត្ថនៃពាក្យនោះដូចតទៅនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន អ្នកដែលស៊ី ឬបរិភោគវិញ្ញាណាហារនោះ គឺនរណា ។ សួរថា ព្រោះហេតុអ្វី ទើបព្រះមោលិយៈនេះមិនសួរដល់អាហារ ៣ ក្រៅ អំពីនេះ សួរត្រឹមតែវិញ្ញាណាហារនេះតែម្យ៉ាង ។ ឆ្លើយថា ព្រោះលោកមានទិដ្ឋិថា ខ្លួនឯងដឹង ពិតហើយ លោកឃើញតែ បុគ្គលដែលធ្វើពំនូតបាយធំៗ ហើយបរិភោគអាហារជាពំនូតៗ ព្រោះហេតុនោះ ទើបលោកមានលទ្ធិ គឺទិដ្ឋិថា ខ្លួនឯងដឹង ។ លោកឃើញតែក្រួច ទទា ក្ងោក និងមាន់ជ