កច្ចានគោត្តសូត្រទី ៥
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … គ្រានោះ ព្រះកច្ចានគោត្រមាន អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះកច្ចានគោត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ព្រះអង្គតែងត្រាស់ថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ ដូច្នេះ បពិត្រព្រះអង្គ ដ៏ចម្រើនចុះសម្មាទិដ្ឋិ តើកើតមានដោយហេតុបុន្មានយ៉ាង ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែអាស្រ័យនូវចំណែកពីរ យ៉ាង គឺអត្ថិភាព ( សស្សតទិដ្ឋិ ) ១ នត្ថិភាព ( ឧច្ឆេទទិដ្ឋិ ) ១ ។ ម្នាល កច្ចានៈ នត្ថិភាពក្នុងលោក រមែងមិនមានដល់បុគ្គលដែលឃើញនូវហេតុជាទី កើតនៃលោក ដោយប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ ។ ម្នាលកច្ចានៈ អត្ថិភាព ក្នុងលោក រមែងមិនមានដល់បុគ្គលដែលឃើញនូវទីរលត់នៃលោក ដោយ ប្រាជ្ញាដ៏ប្រពៃតាមពិតឡើយ ។ ម្នាលកច្ចានៈ សត្វលោកនេះ ច្រើនតែជាប់ ចំពាក់ដោយឧបាយ ឧបាទាន និងសេចក្តីប្រកាន់មាំ ចំណែកខាងអរិយសាវ័ក នេះ រមែងមិនចូលទៅដល់ មិនប្រកៀកប្រកាន់ មិនអធិដ្ឋាននូវឧបាយ និង ឧបាទាន នូវការតាំងទុកនៃចិត្ត នូវសេចក្តីប្រកាន់មាំ និងអនុសយក្កិលេស នោះៗ ថា ខ្លួនរបស់អាត្មាអញដូច្នេះឡើយ ។ ឧបាទានក្ខន្ធទុក្ខ កាលកើត ក៏កើតឡើង ឧបាទានក្ខន្ធទុក្ខ កាលរលត់ ក៏រលត់ទៅ ព្រោះហេតុនោះ ទើប អរិយសាវ័ក មិនសង្ស័យ មិនងឿងឆ្ងល់ឡើយ ។ ញាណរបស់អរិយសាវ័ក នោះ រមែងមានក្នុងឧបាទានក្ខន្ធទុក្ខនុ៎ះ ដោយមិនបាច់ជឿពាក្យបុគ្គលដទៃ