អដ្ឋកថា ទុតិយទសពលសូត្រទី ២
ទុតិយទសពលសូត្រទី ២ គប្បីជ្រាបសេចក្តីសង្ខេបបុណ្ណោះ ដូច្នេះថា សូត្រទី ២ ព្រះមានព្រះភាគត្រាស់ដោយអំណាចអធ្យាស្រ័យរបស់ទ្រង់ ។ កម្លាំងកាយព្រះតថាគត បណ្តាបទទាំងនោះ បទថា ទសពលសមន្នាគតោ ប្រែថា ទ្រង់ប្រកបដោយកម្លាំង ១០ ធម្មតាពលមាន ២ គឺកាយពល គឺកម្លាំងកាយ ១ ញាណពល គឺកម្លាំងញាណ ១ ក្នុងពល ២ នោះ កាយពលរបស់ ព្រះតថាគត គប្បីជ្រាបតាមគន្លងត្រកូលដំរី ១០ ដែលព្រះបុរាណាចារ្យ ទាំងឡាយពោលថា កាឡាវកញ្ច គង្គេយ្យំ បណ្ឌរំ តម្ពបិង្គលំ គន្ធំ មង្គលហេមញ្ច ឧបេសថំ ឆទ្ទន្តិមេ ទស ។ ដំរីទាំង ១០ ត្រកូលនេះ គឺកាឡាវកៈ ១ គង្គេយ្យៈ ១ បណ្ឌរៈ ១ តម្ពៈ ១ បិង្គលៈ ១ គន្ធៈ ១ មង្គលៈ ១ ហេមៈ ១ ឧបោសថ ១ ឆទ្ទន្ត ១ ។ បណ្តាដំរី ១០ ត្រកូលនោះ គប្បីឃើញថា ត្រកូលដំរីដោយប្រក្រតី ឈ្មោះថា កាឡាវកៈ ។ កម្លាំងកាយរបស់បុរស ១០ នាក់ ស្មើនឹងកម្លាំងដំរីត្រកូលកាឡាវកៈ ១ កម្លាំងដំរីត្រកូលកាឡាវកៈ ១០ ស្មើនឹងកម្លាំងដំរីត្រកូលគង្គេយ្យៈ ១ កម្លាំង ដំរីត្រកូលគង្គេយ្យៈ ១០ ស្មើនឹងកម្លាំងដំរីត្រកូលបណ្ឌរៈ ១ កម្លាំងដំរី បណ្ឌរៈ ១០ ស្មើនឹងកម្លាំងដំរីត្រកូលតម្ពៈ ១ កម្លាំងដំរីត្រកូលតម្ពៈ ១០