ឧបនិសសូត្រទី ៣
ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា កិរិយាអស់ទៅនៃអាសវៈ ចំពោះតែបុគ្គលដែលដឹងច្បាស់ ឃើញ ច្បាស់ មិនពោលចំពោះបុគ្គលដែលមិនដឹងច្បាស់ មិនឃើញច្បាស់ទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលកាលដឹងអ្វី កាលឃើញអ្វី ទើបមានការអស់ ទៅនៃអាសវៈ ។ បុគ្គលដឹង ឃើញថា រូប ដូច្នេះ ហេតុជាទីកើតឡើងនៃរូប ដូច្នេះ សេចក្តីរលត់នៃរូប ដូច្នេះ ។ បេ ។ វេទនាដូច្នេះ ។ បេ ។ សញ្ញា ដូច្នេះ ។ បេ ។ សង្ខារទាំងឡាយ ដូច្នេះ ។ បេ ។ វិញ្ញាណ ដូច្នេះ ហេតុជាទីកើតឡើង នៃវិញ្ញាណ ដូច្នេះ សេចក្តីរលត់នៃវិញ្ញាណ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងយ៉ាងនេះ កាលឃើញយ៉ាងនេះឯង ទើបមានការអស់ទៅនៃ អាសវៈ ។ ម្នាលភិក្ខុទាំងឡាយ កាលធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ កើតឡើងហើយ ខយញ្ញាណណាកើតឡើងដែរ តថាគតពោលថា ខយញ្ញាណ នោះ ប្រកបដោយហេតុ មិនពោលថា មិនមានហេតុទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃខយញ្ញាណតើដូចម្តេច ។ គប្បីឆ្លើយថា វិមុត្តិ គឺអរហត្តផលជាហេតុ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា វិមុត្តិប្រកបដោយ ហេតុ មិនពោលថា មិនមានហេតុទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃ វិមុត្តិ តើដូចម្តេច ។ គប្បីឆ្លើយថា វិរាគៈ គឺមគ្គជាហេតុ ។ ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា វិរាគៈប្រកបដោយហេតុ មិនពោលថា មិន មានហេតុទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃវិរាគៈ តើដូចម្តេច ។ គប្បី ឆ្លើយថា និព្វិទាញាណ គឺពលវវិបស្សនាជាហេតុ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា និព្វិទាញាណប្រកបដោយហេតុ មិនពោលថាមិនមានហេតុ ទេ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនៃនិព្វិទាញាណតើដូចម្តេច ។ គប្បីឆ្លើយ ថា យថាភូតញ្ញាណទស្សនៈ គឺតរុណវិបស្សនាជាហេតុ ។