អដ្ឋកថា ភូមិជសូត្រទី ៥
ក្នុងភូមិជសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ភូមិជ ជាឈ្មោះរបស់ព្រះថេរៈនោះ ។ ពាក្យដ៏សេសក្នុងសូត្រនេះ គប្បី ជ្រាបដោយន័យដែលពោលហើយ ក្នុងសូត្រខាងដើម ។ ឯការប្លែកគ្នាមាន ដូច្នេះ ព្រោះហេតុដែលសុខទុក្ខនេះក៏មិនមែនកើតឡើង ព្រោះផស្សៈជាបច្ច័យ តែម្យ៉ាងបុណ្ណោះទេ កម្ម កាលបុគ្គលធ្វើ រមែងធ្វើដោយកាយខ្លះ ដោយវាចា ខ្លះ ដោយចិត្តខ្លះ ធ្វើដោយខ្លួនឯងខ្លះ បុគ្គលដទៃធ្វើខ្លះ ធ្វើដោយមាន សម្បជញ្ញៈខ្លះ ធ្វើដោយមិនមានសម្បជញ្ញៈខ្លះ ដូច្នោះ ដើម្បីទ្រង់សម្តែង បច្ច័យដែលបែកចេញពីគ្នាដទៃៗ របស់កម្មនោះ ទើបត្រាស់ថា កាយេ វា ហានន្ទ សតិ ជាដើម ។ បទថា កាយសព្ចោតនាហេតុ ប្រែថា ព្រោះហេតុនៃ ចេតនាដែលកើតឡើងក្នុងកាយទ្វារ ។ ក្នុងវចីសព្ចោតនា និងមនោសព្ចោតនា ក៏ន័យនេះដូចគ្នា ។ បណ្តាទ្វារទាំងនោះ ក្នុងកាយទ្វារ បានដល់ ចេតនា ២០ ដោយអំណាចកុសល និងអកុសលផ្នែកកាមាវចរ ។ ក្នុងវចីទ្វារក៏ដូចគ្នា ។ ក្នុងមនោទ្វារចេតនា ២០ និងរូបចេតនា និងអរូបចេតនា ៩ បានចេតនា ២៩ ។ ទើបក្នុងទ្វារទាំង ៣ មានចេតនា ៦៩ ។ ទ្រង់សម្តែងសុខទុក្ខចំណែកវិបាក ដែលមានចេតនានោះជាបច្ច័យ ។ បទថា អវិជ្ជាបច្ចយា វ នេះ ត្រាស់ទុក ដើម្បីទ្រង់សម្តែងថា ចេតនាទាំងនោះក៏រមែងមានអវិជ្ជាជាបច្ច័យ ។ តែព្រោះ ហេតុដែលបុគ្គលដទៃមិនបានដឹកនាំ រមែងធ្វើកម្មនោះ ដែលជាកាយសង្ខារ វចីសង្ខារ និងមនោសង្ខារ ដោយចេតនាដែលពោលហើយផង ដោយចិត្ត