អដ្ឋកថា បច្ចយសូត្រទី ៧
បដិច្ចសមុប្បាទសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុង បដិច្ចសមុប្បាទសូត្រទី ៧ ដូចតទៅនេះថា កាលត្រាស់បដិច្ចសមុប្បាទតាមលំដាប់ ព្រះមានព្រះភាគ ទ្រង់កាន់យក បទចុងក្រោយ ត្រាស់ថា កតមញ្ច ភិក្ខវេ ជរាមរណំ ជាដើម ។ បទថា ឯវំ បច្ចយំ បជានាតិ សេចក្តីថា អរិយសាវ័ក ដឹងច្បាស់ដល់បច្ច័យ ដោយអំណាចទុក្ខសច្ចយ៉ាងនេះ ។ សូម្បីបច្ចយសមុទយៈ ជាដើម ក៏គប្បីជ្រាបដោយអំណាចសមុទយសច្ចជាដើមដូចគ្នា ។ បទថា ទិដ្ឋិសម្បន្នោ បានដល់ សម្បូរដោយបញ្ញាក្នុងមគ្គ ។ បទថា ទស្សនសម្បន្នោ ជាវេវចនៈនៃបទថា ទិដ្ឋិសម្បន្នោ នោះឯង ។ បទថា ឥមំ សទ្ធម្មំ បានដល់ មកដល់សទ្ធម្ម គឺមគ្គ ។ បទថា បស្សតិ បានដល់ ឃើញធម៌ គឺមគ្គនោះ ឯង ។ បទថា សេក្ខេន ញាណេន បានដល់ ដោយញាណក្នុងមគ្គ ។ បទថា សេក្ខាយ វិជ្ជាយ បានដល់ ដោយការដឹងច្បាស់ក្នុងមគ្គ ។ បទថា ធម្មសោតំ សមាបន្នោ បានដល់ ចូលដល់ក្រសែធម៌ ពោល គឺមគ្គនោះឯង ។ បទថា អរិយោ បានដល់ កន្លងភូមិរបស់បុថុជ្ជន ។ បទថា និព្វេធិកប្បញ្ញោ បានដល់ ជាអ្នកប្រកបដោយបញ្ញាចាក់ធ្លុះ ។ ព្រះនិព្វាន ឈ្មោះថា អមត ក្នុងពាក្យថា អមតទ្វារំ អាហច្ច តិដ្ឋតិ តាំងនៅទល់គ្នានឹងអរិយមគ្គ ដែល ជាទ្វាររបស់ព្រះនិព្វាននោះឯង ។