កឡារសូត្រទី ២
ទ្រង់គង់នៅជិតក្រុងសាវត្ថី … គ្រានោះ ភិក្ខុឈ្មោះកឡារខត្តិយៈ ចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ សេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យដែលគួររពឫហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយក៏ ពោលនឹងព្រះសារីបុត្រមានអាយុ ដូច្នេះថា ម្នាលសារីបុត្រមានអាយុ ភិក្ខុឈ្មោះមោលិយផគ្គុន បានលាសិក្ខា ត្រឡប់ទៅកាន់ហីនភេទហើយ ព្រះមោលិយផគ្គុនមានអាយុនោះ មិនបាននូវ ទីពឹងក្នុងធម្មវិន័យដោយពិតទេ បើដូច្នោះ មានតែព្រះសារីបុត្រមានអាយុ បាន ដល់នូវទីពឹងក្នុងធម្មវិន័យនេះហើយ ។ ព្រះសារីបុត្រពោលថា ម្នាលអាវុសោ ខ្ញុំមិនសង្ស័យទេ ។ ព្រះកឡារខត្តិយៈពោលថា ម្នាលអាវុសោ ចុះបដិសន្ធិ ក្នុងខាងមុខទៀត ។ ម្នាលអាវុសោ ខ្ញុំមិនងឿងឆ្ងល់ទេ ។ គ្រានោះ កឡារខត្តិយភិក្ខុ ក្រោកអំពីអាសនៈចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះកឡារខត្តិយភិក្ខុ អង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្រ មានអាយុ ពោលអួតព្រះអរហត្តផលថា ខ្ញុំដឹងច្បាស់ថាជាតិ ( របស់អាត្មាអញ ) អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។